កម្ពុជា ពង្រឹងធនធានជលផលក្នុងស្រុក តាមរយៈផ្លូវត្រីថ្មីចំនួនពីរ នៅខេត្តពោធិ៍សាត់


ការសាងសង់ផ្លូវត្រីថ្មីចំនួនពីរ ដែលជាជំនួយមូលនិធិ ពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ត្រី និងបណ្តាសត្វ និងរុក្ខជាតិក្នុងទឹកផ្សេងទៀត នៅកម្ពុជា នឹងអាចធ្វើដំណើរឡើងទៅ ផ្នែកខាងលើនៃទន្លេ ដោយវាងចេញពី ប្រព័ន្ធធារាសាស្ត្រនានា ដែលនាំឲ្យបរិមាណត្រី សម្រាប់សហគមន៍ក្នុងខេត្តពោធិ៍សាត់ មានការកើនឡើង។ ផ្លូវត្រីដែលបានបញ្ចប់ ការសាងសង់នៅថ្ងៃទី ២៤ សីហា ឆ្នាំ២០២២ បានភ្ជាប់ត្រី ទៅនឹងទីជម្រកដ៏សំខាន់ សម្រាប់វដ្តជីវិតរបស់វា។ ផ្លូវត្រីទាំងនេះ ក៏បង្ហាញឲ្យឃើញ ផងដែរថា ជណ្តើរត្រីខ្នាតតូច គឺជាដំណោះស្រាយ ដែលយើងអាចធ្វើបាន និងធូរថ្លៃ ដើម្បីឆ្លើយតបទៅនឹង ការថយចុះនៃចំនួនត្រី។

លោកស្រី Rebecca Black នាយកបេសកកម្មស្តីទី នៃទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ថា៖ “ត្រីដែលនេសាទបាន ក្នុងស្រុក គឺជាប្រភពអាហារដ៏សំខាន់ សម្រាប់ប្រជាជនកម្ពុជា ជាច្រើន។ តាមរយៈការការពារ ចំនួនត្រីនិងទីជម្រករបស់វា យើងសង្ឃឹមថា ផ្លូវត្រីទាំងនេះ ក៏នឹងរួមចំណែកដ៏សំខាន់ ដល់ការធ្វើឲ្យប្រសើរឡើង ដល់សុខភាពសហគមន៍ ដែលពឹងផ្អែកលើ ការនេសាទត្រីផងដែរ។” ផ្លូវត្រីថ្មីនៅខេត្តពោធិ៍សាត់ គឺជាផ្នែកមួយ នៃគំនិតផ្តួចផ្តើម ជណ្តើរត្រីថ្នាក់តំបន់ (Fish Passage Initiative) ដែលសហការជាមួយ រដ្ឋបាលជលផលកម្ពុជា គណៈកម្មការទន្លេមេគង្គ មជ្ឈមណ្ឌលអភិវឌ្ឍន៍ ជលផលអាស៊ីអាគ្នេយ៍ មជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវ កសិកម្មអន្តរជាតិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសជប៉ុន។

គំនិតផ្តួចផ្តើមដែលមាន រយៈពេលប្រាំឆ្នាំ ដែលជាផ្នែកមួយនៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត សម្រាប់ទន្លេមេគង្គ (USAID Smart Infrastructure for the Mekong) បានជួយដល់បណ្តា ប្រទេសទន្លេមេគង្គក្រោម ក្នុងការរៀបចំសារពើភ័ណ្ឌ និងកំណត់អាទិភាព នៃឧបសគ្គចំពោះជណ្តើរត្រី ការបណ្តុះបណ្តាលអំពី ការកសាងជណ្តើរត្រី ព្រមទាំងការសម្របសម្រួល រវាងនាយកដ្ឋានធារាសាស្ត្រ និងនាយកដ្ឋានជលផល ទូទាំងតំបន់មេគង្គក្រោម ដើម្បីដោះស្រាយ បញ្ហាប្រឈមឆ្លងដែននេះ។ រដ្ឋបាលជលផលកម្ពុជា បានសហការជាមួយ ទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុងការសាងសង់ផ្លូវត្រី បង្ហាញចំនួនពីរ ក្នុងឆ្នាំ ២០១៩ និង ២០២១។ តាមការតាមដាន ទីតាំងទាំងពីរនេះ បានបង្ហាញថា មានត្រីជាងមួយលានក្បាល ត្រូវជាជាង ១០០ ប្រភេទពូជត្រី បានឆ្លងកាត់ផ្លូវត្រីនេះ ដើម្បីទៅកាន់ទីជម្រករបស់វា ដែលមិនអាចទៅដល់ កាលពីមុន ដែលមានចង្ងាញជាង ២.០០០ គីឡូម៉ែត្រ។

ទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការដៃគូ បានចុះទៅពិនិត្យផ្លូវត្រី ដែលទើបសាងសង់ថ្មី កាលពីថ្ងៃទី ២៩ ខែសីហា ដើម្បីពិភាក្សាអំពី អត្ថប្រយោជន៍របស់គម្រោង ជាមួយថ្នាក់ដឹកនាំ មូលដ្ឋាននិងជំរុញ ការអភិវឌ្ឍផែនការ ទូលំទូលាយសម្រាប់ ផ្លូវត្រីទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់។ គំនិតផ្តួចផ្តើមនេះត្រូវ បានគាំទ្រដោយ ទីភ្នាក់ងារជំនួយអាមេរិក USAID និងក្រសួងមហាផ្ទៃ របស់សហរដ្ឋអាមេរិក។