CITIC SQUARE គឺជាអគារផ្សារទំនើប ដ៏ធំសម្បើម និងពេញនិយមមួយ នៅក្នុងទីក្រុងសៀងហៃ នៃប្រទេសចិន។ នាពេលថ្មីៗនេះ ស្ថាបត្យករមកពី Kokaistudios ទើបតែបានបញ្ចប់ការកែប្រែថ្មី នូវរចនាសម្ព័ន្ធ និងសោភ័ណ្ឌមួយចំនួន នៃផ្សារទំនើបនេះ ដោយធ្វើឱ្យផ្សារទំនើបនេះ កាន់តែមានភាពទាក់ទាញ និងធំទូលាយជាងមុន។ ស្ថាបត្យកម្មនៃផ្សារទំនើបនេះ មានរាងជាងប្រអប់ៗ ជាច្រើនតំរៀបជាជួរៗ ប្លែកពីផ្សារទំនើបដទៃទៀត។
CITIC SQUARE សាងសង់ដំបូងតាំងពីឆ្នាំ 2000 មកម្ល៉េះ ដោយមានការជួសជុល និងកែប្រែថ្មីប៉ុន្មានដងដែរ។ CITIC SQUARE ត្រូវបានកែប្រែថ្មី ទើបបញ្ចប់ថ្មីៗនេះ ធ្វើឱ្យផ្នែកខាងក្រៅ កាន់តែមានប្រណិតភាព និងផ្នែកខាងក្នុង ទាក់ភ្នែកមែនទែន ជាពិសេសរាល់សម្ភារៈសំណង់ និងគ្រឿងសង្ហារឹម សុទ្ធតែមានតម្លៃថ្លៃ។ ការកែប្រែថ្មី បានលើកមុខមាត់ ដល់ហាងជាច្រើន នៅក្នុងនោះ និងអាចទាក់ទាញ អតិថិជនកាន់ តែច្រើនផងដែរ។ ក្រៅពីសោភ័ណ្ឌភាព នៅមានសេវាកម្មដ៏ល្អបំផុត ផ្តល់ភាពងាយស្រួល សេវាកម្មរហ័ស ការរាក់ទាក់ និងជាគោលដៅ ទិញទំនិញពិសេសមួយ ក្នុងទីក្រុងសៀងហៃ។ ជញ្ជាំងខាងមុខ នៃអគារផ្សារទំនើបនេះ ប្រើប្រាស់កញ្ចក់ទាំងស្រុង ដើម្បីអាចឱ្យសាធារណជន សម្លឹងមើលឃើញនូវហាងទំនិញ ប៊្រេនៗពីខាងក្រៅ ហើយនេះក៏ជាយុទ្ធសាស្រ្តមួយ ក្នុងការលម្អផងដែរ។ សូម្បីតែបន្ទប់ទឹក ក៏មានភាព ស្រស់ស្អាត និងប្រណិតផងដែរ។
CITIC SQUARE សាងសង់ឡើងលើផ្ទៃដី 34,500 ម៉ែត្រការ៉េ ស្ថិតនៅទីតាំងទូលាយល្អ មានច្រកចេញចូលបីទិស ដូច្នេះអតិថិជនដែលមកដល់ តាមផ្លូវណាក៏ដោយ ក៏អាចឃើញអគារ បានយ៉ាងច្បាស់។ ផ្នែកខាងក្នុង ត្រូវបានប្រើប្រាស់ពណ៌ស ជាគោល បំផុសនូវសោភ័ណ្ឌភាព សាកសមជាមួយការរចនា និងមានអំពូល LED ប្រដេញពណ៌ កាត់ជាន់នីមួយៗ ជាម៉ូតបែបសម័យទំនើប។ ស្នាដៃនៃការកែប្រែមុខមាត់ថ្មីនេះ ពិតជាឆ្លុះបញ្ចាំងពី អនាគតស្ថាបត្យកម្ម កាន់តែអស្ចារ្យ ពីមួយឆ្នាំទៅមួយឆ្នាំ។