ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន បានណែនាំអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវអភិវឌ្ឍន៍កែប្រែតំបន់រុនតាឯក ដែលមានទីតាំង ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងរណបមួយ របស់ខេត្តសៀមរាប និងបង្ហាញពី មហិច្ឆតាប្រែក្លាយខេត្ត ដែលនៅភាគខាងជើង ដូចជា ខេត្តសៀមរាប ព្រះវិហារ ឧត្ដរមានជ័យ ឱ្យក្លាយទៅជា «តារារះនៅទិសឧត្ដរ»។
ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត រើសំណង់ចេញពី តំបន់រមណីយដ្ឋានអង្គរចំនួន ១.១១៧ គ្រួសារ នាព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ នៅឃុំរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលព្រមរុះរើ សំណង់ចេញពី តំបន់រមណីយដ្ឋានអង្គរ និងអរគុណដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សម្រាប់ការដឹកនាំការងារនេះ។ សម្តេចតេជោបាន មានប្រសាសន៍ថា តំបន់រមណីយដ្ឋានអង្គរ សម្តេចព្រះវររាជបិតា សម្ដេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ ព្រះអង្គបានយកព្រះទ័យ ទុកដាក់យ៉ាងខ្លាំង ជាពិសេសលើ ព្រះរាជកិច្ចការពារ និងថែរក្សា ហើយព្រះអង្គបានផ្តួចផ្តើម ព្រះបញ្ញាញាណដោយផ្ទាល់ ក្នុងការស្នើដាក់តំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ ១៩៩២។ សម្ដេចតេជោ គូសបញ្ជាក់ថា ដូច្នេះយើងត្រូវតែ អនុវត្តន៍តាមលក្ខន្តិកៈទាំងឡាយ ដែលកំណត់ដោយ អង្គការយូណេស្កូ សម្រាប់ការថែរក្សា សម្បត្តិវប្បធម៌របស់ដូនតាយើង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឱ្យ បញ្ចូលប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរើសំណង់ចេញ ពីតំបន់រមណីយដ្ឋានអង្គរ មកកាន់លំនៅដ្ឋានថ្មីនៅ គម្រោងអភិវឌ្ឍន៍ ភូមិរុនតាឯកទាំងអស់ ដោយទទួលបាន នូវប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងយកចិត្តទុកដាក់ ចំពោះស្រី្ដមានផ្ទៃពោះ ដើម្បីឱ្យពួកគាត់ ទទួលបានអត្ថប្រយោជន៍ រួមទាំងថវិកាពី រាជរដ្ឋាភិបាល។ សម្តេចតេជោ ក៏បានប្រកាសផ្តល់ជូន ជាអង្ករ៥០គីឡូ មី ត្រីខ ស័ង្គសី ៣០សន្លឹក និងថវិកាចំនួន ១លាន ៤សែនរៀល ក្នុងមួយគ្រួសារ ផងដែរ។ ក្រៅពីនេះ សម្តេចតេជោ បានបញ្ជាឱ្យរៀបចំ ផ្លូវចូលទៅកាន់ភូមិនេះ ត្រូវចាក់កៅស៊ូ តប្រព័ន្ធទឹកស្អាត និងអគ្គិសនីរបស់រដ្ឋ រៀបចំសាលារៀនបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ អគារស្នាក់នៅ របស់គ្រូបង្រៀន មន្ទីរពេទ្យ និងផ្សារលក់ដូរ ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានទៅរស់នៅ ទីនោះផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈ កម្មការអន្តរក្រសួងមួយ ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានបើកយុទ្ធនាការ ទ្រង់ទ្រាយធំ ក្នុងការវាស់វែង កំណត់និយាមការក្បាលដី នៅរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើ សំណង់ខុសច្បាប់ ចេញពីតំបន់ទាំងនេះ។ ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពី ប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមាន ពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទ តំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើន ត្រូវបានសង់ឡើងនៅ តំបន់រមណីយដ្ឋានអង្គរ ផ្ទុយពីលក្ខខណ្ឌកំណត់ ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភព លោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ប្រតិបត្តិការនេះ ដើម្បីរក្សាតំបន់ រមណីយដ្ឋានអង្គរជាសម្បត្តិ បេតិកភណ្ឌពិភពលោក។
យោងតាមរបាយការណ៍ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ប្រតិបត្តិការក្នុងការរក្សា តំបន់រមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ ការវាស់វែងក្បាលដី និងស្រង់ព័ត៌មាន អ្នកកាន់កាប់ដីនៅភូមិ គោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែង ក្បាលដីបានសរុប ៩៣.៣៥១ ក្បាលដី ទំហំ ១០.៩៤៥ ហិកតា។ ក្នុងនោះក្បាលដី មានសំណង់ចំនួន ៣៩.០៤០ ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន ៤៧.៣៤០ ក្បាលដី និងក្បាលដី ជាដីស្រែចម្ការចំនួន ៦.៩៩១ ក្បាលដី៕