សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រសិនបើមិនដោះស្រាយ បញ្ហានៅតំបន់រមណីយដ្ឋានអង្គរទេ ប្រាសាទអង្គរវត្ត អាចត្រូវដកចេញពីបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក ដោយសារមិនគោរព ទៅតាមលក្ខខណ្ឌដែលបានកំណត់។
ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្ត រើលំនៅដ្ឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បញ្ហានៅតំបន់រមណីយដ្ឋានអង្គរ ប្រសិនបើ យើងមិនដោះស្រាយទេ នៅពេលក្រោយនេះ អង្គរវត្តរបស់យើង ត្រូវបានដកចេញពីសម្បត្តិ បេតិកភណ្ឌពិភពលោក ព្រោះវាបាត់បង់លក្ខណៈសម្បត្តិរបស់វា មិនបានអនុវត្តន៍ តាមកាតព្វកិច្ចតម្រូវដោយ គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក។ សម្តេចតេជោ បានឱ្យដឹងដែរថា ប្រាសាទព្រះវិហារ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដោះយកភូមិមួយ ដែលមានប្រជាពលរដ្ឋ ប្រមាណជាជិត ២ពាន់គ្រួសារ ចេញពីតំបន់ស្វាយជ្រុំ ដែលជាប់នឹងប្រាសាទព្រះវិហារ ព្រោះទាក់ទងនឹង បារាយណ៍នៅខាងក្រោម។
សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើមិនដោះស្រាយ បញ្ហាទាំងអស់នេះទេ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ នឹងខាតបង់ទាំងអស់គ្នា ដោយអង្គរវត្តរបស់កម្ពុជា អាចបាត់បង់ លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក ដែលគេត្រូវបណ្ដេញចេញ ដោយសារមនុស្សទៅតាំងទីលំនៅខុសច្បាប់ ឬក៏កន្លែង ដែលពាក់ព័ន្ធនឹង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលយើងមិនអាច នឹងតម្រូវទៅតាម លក្ខខណ្ឌបច្ចេកទេស។ «ដើម្បីបានចូល ក្នុងបេតិកភណ្ឌពិភពលោក យើងត្រូវគោរព ទទួលយកលក្ខខណ្ឌទាំងឡាយ ដែលអង្គការយូណេស្កូតម្រូវ អ៊ីចឹងទេចំណុចនេះ គឺជាចំណុចដែលយើង ត្រូវដោះស្រាយ ត្រូវគោរពលក្ខខណ្ឌ បើសិនជាយើង មិនដោះស្រាយទេ នៅពេលក្រោយនេះ អង្គរវត្តរបស់យើង នឹងត្រូវដកចេញពី សម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះវាបាត់បង់ លក្ខណៈសម្បត្តិរបស់វា។
មនុស្សតាំងទីលំនៅខុសច្បាប់ ឬកន្លែងពាក់ព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលយើងមិនអាចនឹងតម្រូវ ទៅតាមលក្ខខណ្ឌបច្ចេកទេស សូម្បីតែប្រាសាទព្រះវិហារ យើងត្រូវដោះយកភូមិ១ ដែលមានប្រមាណជិត ២ពាន់គ្រួសារ ចេញពីតំបន់ស្វាយជ្រុំ ជាប់ប្រាសាទព្រះវិហារ ដោយយកភូមិនោះចេញ ព្រោះវាទាក់ទងនឹង បារាយណ៍នៅខាងក្រោម។ អ៊ីចឹងចំណុចនេះ យើងខាតបង់ទាំងអស់គ្នា កម្ពុជាបាត់បង់លក្ខណៈសម្បត្តិ បេតិកភណ្ឌពិភពលោក ដែលគេត្រូវបណ្តេញចេញ ហើយប្រទេសដែលគេបណ្តេញចេញ គេអត់ខ្លាចថា ប្រទេសធំឬប្រទេសតូចទេ អាល្លឺម៉ង់ក៏ធ្លាប់មានគេ បណ្តេញចេញ ប្រទេសមួយចំនួន នៅលោកខាងលិច គេឱ្យចេញហ្មង ព្រោះវាបាត់បង់ លក្ខណៈសម្បត្តិរបស់វា។»
គួរជម្រាបថា ប្រាសាទអង្គរ ត្រូវបានចុះក្នុងបញ្ជី សម្បត្តិបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវ ទៅកាន់អង្គការយូណេស្កូ សុំឱ្យជួយស្រោចស្រង់ ការពារក្រុមប្រាសាទអង្គរ។ សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានអង្គរ ដែលបានចុះបញ្ជី បេតិកភណ្ឌពិភពលោកនេះ មានផ្ទៃដី ៤០១ គីឡូម៉ែត្រក្រឡា ដែលជាផ្ទៃដី ត្រូវរក្សាការពារដាច់ខាត ដោយចែកចេញជាបីតំបន់ធំៗ។
យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលលេខ ៧០ ស.ស.រ ចុះថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០០៤ ស្ដីពី ការកំណត់បទដ្ឋាន នៃការប្រើប្រាស់ដីធ្លី នៅតំបន់១និងតំបន់២ នៅក្នុងរមណីយដ្ឋានអង្គរ បានកំណត់ថា ដីធ្លីក្នុងតំបន់១និង តំបន់២ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលអាជ្ញាធរជាតិអប្សរា មានកាតព្វកិច្ច ត្រូវគ្រប់គ្រងថែរក្សា និងអភិវឌ្ឍន៍ប្រកបដោយចីរភាព រីឯប្រជាពលរដ្ឋដែលមាន លំនៅឋានរស់នៅជា យូរលង់មកហើយ នៅក្នុងតំបន់១និងតំបន់២នេះ អាចបន្តរស់នៅតទៅទៀតបាន ដោយមិនមានការបណ្ដេញ ឱ្យចាកចេញពីមូលដ្ឋានឡើយ។
ប៉ុន្តែក្នុងករណីនេះ ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ មិនមានការចេញបណ្ណកម្មសិទ្ធិ ដោយឡែកសម្រាប់អ្នករស់នៅ ក្នុងតំបន់១និងតំបន់២នោះទេ ហើយក៏មិនអនុញ្ញាត ឱ្យមានការទាញយកផលប្រយោជន៍ តាមរយៈការផ្លាស់ប្ដូរ កម្មសិទ្ធិកាន់កាប់ដីធ្លី និងអាស្រ័យផលទៅ ជនដទៃទៀត ដែលមិនបាន ទទួលសិទ្ធិក្នុងការរស់នៅ តំបន់នេះដែរ៕