រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល ឬត្រូវបានគេហៅម្យ៉ាងទៀតថា ទឹកធ្លាក់អូតាប៉ាង គឺជារមណីយដ្ឋានបែបធម្មជាតិ និងកែច្នៃមួយ ដែលស្ថិតនៅក្នុងឃុំអូឧកញ៉ាហេង ខេត្តព្រះសីហនុ មានប្រជាជនរស់នៅប្រមាណជាង ២៥០ គ្រួសារ ដែលប្រជាពលរដ្ឋនៅទីនោះ ភាគច្រើនប្រកបរបរធ្វើស្រែចំការ។ រមណីយដ្ឋាននេះ ក៏ត្រូវបានកែច្នៃបន្ថែម ដោយវិស័យឯកជនផងដែរ ដោយមានរៀបចំជារបាក់ទឹកធ្លាក់ និងមានចម្លាក់ថ្មដាប់ ចេញពីផ្ទាំងថ្មនៅនឹងកន្លែងផ្ទាល់ ដោយជាងចំលាក់ និងរូបមួយចំនួនទៀត នាំយកមករៀបចំដាក់បន្ថែម មានទម្រង់ស្រដៀង ទៅនឹងចម្លាក់ នៅតាមប្រាសាទបុរាណ។
រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល មានទីតាំងស្ថិតនៅ ភូមិអូរតាប៉ាងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចំងាយប្រមាណជា ៣៤គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ ដោយធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលទី១៩១ និង១៩២។ ពេលមកដល់ភូមិសាស្រ្តខាងលើហើយ ត្រូវបត់ចូលតាមផ្លូវលំប្រមាណ ៥គីឡូម៉ែត្រ ទើបដល់ទីតាំង។
បច្ចុប្បន្ននេះ រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល កំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទៅលេងកម្សាន្តឥតដាច់ បើទោះជារមណីយដ្ឋាននេះ កំពុងដំណើរការសាងសង់ក៏ដោយ។ រមណីយដ្ឋាន នេះបានរំលេចជា ទិដ្ឋភាពដ៏អស្ចារ្យរួមបញ្ចូលគ្នា រវាងធម្មជាតិដ៏ស្រស់ត្រកាល និងចម្លាក់ធ្វើឡើងតាម លំនាំបែបព្រហ្មសាសនា មានរូបព្រះម៉ែពស់ និង ព្រះសិវ: តាមលិទ្ធិ ព្រហ្មញ្ញសាសនា សត្វអណ្ដើក រូបគោនិង ដំរីជាដើម។