ផ្សារទំនើបបែបសហគមន៍ K Mall ដែលទើបតែ បើកដំណើរការជាលើកដំបូង កាលពីឆ្នាំមុន ស្ថិតនៅលើបណ្ដោយវិថីវេងស្រេង និងទទួលបានប្រជាប្រិយភាពខ្លាំង ពេលនេះមាន គម្រោងសាងសង់សាខាទី២ របស់ខ្លួន ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Prek Thnoat) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ដែលនឹងចាប់ផ្ដើមសាងសង់ អំឡុងដើមឆ្នាំ២០២៣ ខាងមុខនេះហើយ។
យោងតាមការចុះផ្សាយលើ ទំព័រផ្លូវការរបស់ផ្សារទំនើប K Mall បានបង្ហាញថា ក្រុមហ៊ុន Urbanland មានគម្រោងសាងសង់ផ្សារទំនើប K Mall សាខាស្ទឹងព្រែកត្នោត ផ្លូវជាតិលេខ២ នៅឆ្នាំក្រោយ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ ដែលគម្រោងនេះ ទទួលបានការចុះ អនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនវិនិយោគមួយចំនួន រួចមកហើយ ដូចជា Lucky Supermarket ហាងកាហ្វេប្រោន BROWN និង Kungfu Kitchen ស្របពេលដែលដៃគូពិសេសៗ ជាច្រើនទៀត នឹងចូលរួមជាបន្តបន្ទាប់។
ក្រុមហ៊ុនបានបង្ហាញថា គម្រោង K Mall Prek Thnoat នឹងត្រូវសាងសង់មានទំហំ ៨.០០០ ម៉ែត្រការ៉េ ដែលមានរៀបចំជា កន្លែងសម្រាប់ជួបជុំគ្នា ជាសាធារណៈ ផ្លាហ្សាបើកចំហរធំទូលាយ ផ្សារតូបតូចៗ និងកន្លែងរៀបចំព្រឹត្តិការណ៍នានា សម្រាប់ការកម្សាន្ដក្រុមគ្រួសារ មិត្តភក្ដិ ព្រមទាំងការទិញទំនិញប្រចាំថ្ងៃផងដែរ។
សូមបញ្ជាក់ផងដែរថា ផ្សារទំនើបសហគមន៍ K Mall សាខាផ្លូវវេងស្រេង ត្រូវបានសាងសង់លើផ្ទៃដីទំហំ ១២ ០០០ ម៉ែត្រការ៉េ មានកម្ពស់ ៣ ជាន់ ត្រូវបើកដំណើរការ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានទីធ្លា សម្រាប់ប្រគុំតន្ត្រីខ្នាតតូច នៅខាងក្រៅ អាចចតម៉ូតូបាន ៧០០ គ្រឿង និងរថយន្ដ ៣០០ គ្រឿង ព្រមទាំងមាន ហាងទំនិញប្រើប្រាស់ និងហាងអាហារទាំងក្នុងស្រុក និងហាងបរទេសជាង ៤០ ហាងកំពុងដំណើរការ។