កំពង់ផែទេសចរណ៍កំពត តម្លៃជិត ១០ លានដុល្លារ ត្រៀមដាក់សម្ពោធប្រើប្រាស់ ក្នុងពេលឆាប់ៗ!


កំពង់ផែទេសចរណ៍ខេត្តកំពត ដែលស្ថិតនៅ ក្នុងស្រុកទឹកឈូ ត្រូវបានបញ្ចប់ ការសាងសង់ជាស្ថាពរ ១០០% នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលគិតមកទល់ពេលនេះ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ កំពុងតែសិក្សាស្វែងរក ក្រុមហ៊ុនឯកជនជាដៃគូ ដើម្បីរៀបចំប្រតិបត្តិការ កំពង់ផែទេសចរណ៍ថ្មីនេះ អោយបានឆាប់ៗ ហើយក៏ត្រៀមនឹងដាក់ សម្ពោធជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខផងដែរ។

តាមការចុះត្រួតពិនិត្យ វឌ្ឍនភាពការសាងសង់ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីម្សិលមិញ បានបង្ហាញថា គម្រោងសាងសង់ កំពង់ផែទេសចរណ៍ទឹកឈូ បានសម្រេចការងាររួចរាល់មកហើយ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ត្រូវការបញ្ចប់រៀបចំឯកសារ និងស្វែងរកដៃគូ អភិវឌ្ឍន៍ដើម្បីប្រតិបត្តិការ កំពង់ផែទេសចរណ៍ អាចទាញចេញជាប្រយោជន៍ បម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងវិស័យទេសចរណ៍ សម្រាប់ការអភិវឌ្ឍន៍ ស្នូលសេដ្ឋកិច្ចផងដែរ។

សូមបញ្ជាក់ផងដែរថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្រុកទឹកឈូ មានចម្ងាយប្រមាណ ៦ គីឡូម៉ែត្រពីក្រុងកំពត ត្រូវបានបើកការដ្ឋានសាងសាង់ កាលពីខែសីហា ឆ្នាំ២០១៨ មានផ្ទៃដីសរុបទំហំ ៤,២៥ ហិកតា មានផែប្រវែង ៣០០ ម៉ែត្រ អាចចតនាវាទេសចរណ៍ ផ្ទុកអ្នកដំណើរចន្លោះពី ៣០០ ទៅ ៤០០ នាក់ ដោយគម្រោងសាងសង់នេះ ប្រើប្រាស់ថវិកាសរុបប្រមាណ ៩,២៧ លានដុល្លារ ជាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

យោងតាមការសិក្សា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ជាសមិទ្ធផល ដ៏សំខាន់មួយទៀតរបស់កម្ពុជា សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណង ធ្វើដំណើរកម្សាន្ដតាមផ្លូវទឹក និងផ្លូវសមុទ្ររវាងកម្ពុជា ជាមួយបណ្ដាប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម ព្រមទាំងអន្តរជាតិផងដែរ។