ភ្នំពេញ៖ មជ្ឈមណ្ឌលភស្ដុភារកម្ម ពហុបំណងភ្នំពេញ ត្រូវបានសម្ភោធ ដាក់បង្ហាញជាផ្លូវការហើយ កាលពីថ្មីៗនេះ ស្ថិតក្នុងឱកាសកម្ពុជា ជាម្ចាស់ផ្ទះនៃ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
មជ្ឈមណ្ឌលភស្ដុភារកម្មពហុបំណងភ្នំពេញ ហៅជាភាសាអង់គ្លេស Multi-Modal Phnom Penh Logistics Complex (PPLC) ត្រូវបានសម្ភោធ ដាក់បង្ហាញជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវត្តមានចូលរួមរបស់ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តមបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសិង្ហបុរី។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ប្រាប់ថា គម្រោងមជ្ឈមណ្ឌល ភស្តុភារកម្មពហុបំណងភ្នំពេញ គឺជាផែនការមេថ្នាក់ជាតិ លើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ឆ្នាំ២០២២-២០៣០។ ការដាក់បង្ហាញគម្រោង ជាផ្លូវការនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពី ចំណុចវិជ្ជមានជាច្រើនរួមមាន៖ ចំណងមិត្តភាព និងទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា និងសិង្ហបុរី, ការបញ្ជាក់ឱ្យឃើញពី ការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជា លើការគាំទ្រការអភិវឌ្ឍ គម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម ពហុបំណងភ្នំពេញ PPLC, ការជំរុញលើកចិត្តការវិនិយោគ រវាងវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក និងការពង្រឹងការតភ្ជាប់ លើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ (GMS) អាស៊ាន និងពិភពលោកផងដែរ។
គម្រោង PPLC ដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែក្នុង ការពង្រឹងការតភ្ជាប់ វិស័យពាណិជ្ជកម្មរបស់ កម្ពុជានៅក្នុងតំបន់ និងក្នុងចំណោមប្រទេស មហាអនុតំបន់មេគង្គ GMS ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យកាន់តែប្រសើរឡើង នូវប្រសិទ្ធភាពនៃ ការដឹកជញ្ជូនពហុមធ្យោបាយ ជាអាទិ៍រួមមានផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែទឹកជ្រៅ និងការដឹកជញ្ជូន តាមផ្លូវអាកាសនៅកម្ពុជា ហើយក៏បង្កើតបានជា ប្រព័ន្ធអេកូឡូជីស្ទីក ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយថ្លៃដើមដឹកជញ្ជូន ធ្វើឲ្យប្រសើរឡើង នូវការប្រកួតប្រជែង រួមបញ្ចូលទាំងខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញ និងលើកកម្ពស់ កំណើនសេដ្ឋកិច្ច ក្នុងតំបន់ទៀតផង។
គួរបញ្ជាក់ថា គម្រោងមជ្ឈមណ្ឌល ភស្តុភារកម្មពហុបំណងភ្នំពេញ ត្រូវបានសិក្សាដោយក្រុមហ៊ុន YCH Group ដែលជាក្រុមហ៊ុន ផ្តល់សេវាដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ ដ៏ធំបំផុតនៅក្នុងតំបន់អាស៊ី ហើយវានឹងបង្ហាញពីការអនុវត្ត វិស័យភស្តុភារកម្ម ដែលប្រកបដោយ និរន្តរភាពល្អបំផុត នៅក្នុងតំបន់អាស៊ាន។ ការដាក់បង្ហាញគម្រោងលម្អិត គឺធ្វើឡើងបន្ទាប់ពី ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងក្របខ័ណ្ឌរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងក្រុមហ៊ុន YCH Group កាលពីខែមីនា ឆ្នាំ២០២១ កន្លងទៅ៕