នៅលើពិភពលោកយើងនេះ មានប្រាសាទជាច្រើនរាប់មិនអស់ ដែលត្រូវបានបន្សល់ទុក ដោយបុព្វបុរសជំនន់មុន ក៏ដូចជាមានប្រាសាទខ្លះទៀត ត្រូវបានសាងសង់ ពោពេញដោយ ក្បាច់រចនាយ៉ាងប្រណិត។ ប្រាសាទទាំងអស់នោះទៀតសោត ភាគច្រើនត្រូវបានគេសាងសង់ឡើង ដើម្បីជាទីសក្ការៈបូជា ឬគោរពប្រតិបត្ដិ តាមជំនឿនៃជាតិសាសនានីមួយៗ ផងដែរ។ ថ្ងៃនេះ ក្រុមការងារយើងនឹងនាំ អារម្មណ៍ប្រិយមិត្ដទាំងអស់គ្នា ទៅស្គាល់បណ្ដុំប្រាសាទចំនួន ១០ ដែលមានរចនាបថប្លែកភ្នែក និងស្រស់ស្អាតបំផុត នៅលើពិភពលោក។
១. ប្រាសាទអង្គវត្ដ ខេត្ដសៀមរាប ប្រទេសកម្ពុជា
ប្រាសាទអង្គរវត្ត គឺជាសំណង់សាសនាដ៏ធំបំផុតមួយ ក្នុងពិភពលោក ដែលដើមឡើយ ត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី 12 សម្រាប់ជាប្រាសាទ នៃសាសនាហិណ្ឌូ ហើយបន្ទាប់មកត្រូវបានបំប្លែងទៅ សម្រាប់គោរពប្រតិបត្ដិ ក្នុងព្រះពុទ្ធសាសនាវិញ។ អ្វីដែលគួរឲ្យកោតសសើរ នៃប្រាសាទអង្គវត្ដនោះ គឺក្បូរក្បាច់រចនា របស់ប្រាសាទនេះ មានភាពប្រណិត និងអស្ចារ្យមែនទែន ដែលធ្វើឲ្យប្រទេសនានា តែងតែចង់មកទស្សនាកម្សាន្ដផ្ទាល់ និងបានឃើញពីភាពអស្ចារ្យនេះ ផ្ទាល់នឹងភ្នែក។
២. ប្រាសាទ Lotus ទីក្រុង New Delhi ប្រទេសឥណ្ឌា
ប្រាសាទនេះ ត្រូវបានរចនាឡើងដោយ យកលំនាំតាមផ្កាឈូក ដែលជាផ្កាតំណាងដ៏ពិសិដ្ឋ នៅក្នុងសាសនាជាច្រើន រួមមានជំនឿសាសនា Bahá'í ជាដើម។ លើសពីនេះ ផ្កាឈូកក៏ជានិមិត្តសញ្ញាផ្កា ទូទៅដែលតំណាង ឱ្យការត្រាស់ដឹង ការកើតជាថ្មី និងភាពបរិសុទ្ធផងដែរ។ ដូចគ្នានេះដែរ វិមាន Bahá'í ក្នុងទីក្រុង New Delhi ដែលត្រូវបានគេស្គាល់ ជាទូទៅថាជាប្រាសាទ Lotus នេះ រចនាឡើងដើម្បីតំណាង ឱ្យការរួបរួមរបស់មនុស្សជាតិ ដែលជាគន្លឹះនៃសេចក្តីជំនឿតែម្ដង។
៣. វត្តរ៉ុងឃុន ខេត្ដឈៀងរ៉ៃ ប្រទេសថៃ
វត្តរ៉ុងឃុន គឺជាអច្ឆរិយវត្ថុមួយ របស់ប្រទេសថៃ ដែលមានរចនាបថ និងក្បូក្បាច់អស្ចារ្យបំផុត។ ការរចនាដ៏ប្លែករបស់វត្ដនេះ គឺផ្ដោតទាំងស្រុងលើ រចនាប័ទ្មពុទ្ធសាសនាថៃតែម្ដង ហើយតាមរយៈ រូបរាងដ៏ប្រណិត និងពណ៌សរបស់វាហាក់ដូចជា មានពន្លឺចែងចាំងដូច្នោះ។
៤. ប្រាសាទភ្នំ ក្រុងយេរូសាឡឹម
យេរូសាឡឹម គឺជាទីក្រុងដ៏សំខាន់មួយ នៅក្នុងសាសនាគ្រឹស្ត ឥស្លាម និងសាសនាយូដា ហើយប្រាសាទភ្នំនេះ គឺជាកន្លែងដ៏សំខាន់ សម្រាប់សាសនាទាំងបីនេះតែម្ដង។ ប្រាសាទនេះ ត្រូវបានចាត់ទុកថាជា កន្លែងសក្ការៈធំបំផុតទី 3 សម្រាប់ប្រជាជនម៉ូស្លីមផងដែរ ជាមួយនឹងរចនាព័ណ៌ចម្រុះផ្សេងៗ បង្កើតបានជាក្បាច់ យ៉ាងស្រស់ស្អាត នៅលើផ្ទៃជញ្ជាំង។
៥. ប្រាសាទមាស ក្រុង Amritsar ប្រទេសឥណ្ឌា
ប្រាសាទមាស ឬមានឈ្មោះថា Sri Harminder Sahib គឺជាប្រាសាទ របស់ប្រទេសឥណ្ឌា ដែលជាកន្លែងសក្ការៈបូជា ដ៏ពិសិដ្ឋធំបំផុតមួយ នៅក្នុងសាសនា Sikh។ ប្រាសាទនេះ ត្រូវបានគេនិយាយថា ត្រូវបានសាងសង់ឡើង ជាមួយនឹងស្លឹកមាសទម្ងន់ 400 គីឡូក្រាម។ ប្រាសាទនេះសាងសង់ឡើង ក្នុងគោលបំណងអំពើសប្បុរស ជាពិសេសការផ្តល់អាហារ ដល់មនុស្សប្រហែល 20,000 នាក់ ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ និងរហូតដល់ 100,000 នាក់ សម្រាប់ឱកាស ពិធីបុណ្យពិសេសផ្សេងៗ។
៦. ប្រាសាទ Gawdawpalin ទីក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា
Gawdawpalin មិនគ្រាន់តែជា ប្រាសាទតែមួយប៉ុណ្នោះទេ តែក៏ជាវិមាន និងវត្តប្រមាណ 2,000 ផ្សេងគ្នា ដែលស្ថិតនៅក្នុងវាលទំនាប នៅទីក្រុង Bagan នៃប្រទេសមីយ៉ាន់ម៉ា។ ប្រាសាទនេះ មានកម្ពស់ខ្ពស់ត្រដែត ពីលើដើមឈើ ពណ៌បៃតងខៀវស្រងាត់ នៅពេលមើលពីចម្ងាយ។
៧. ប្រាសាទ Borobudur ទីក្រុងចាវ៉ា ប្រទេសឥណ្ឌូនេស៊ី
កោះជ្វារបស់ឥណ្ឌូនេស៊ី ត្រូវបានចាត់ទុកថា ជាកន្លែងដែលមាន ប្រាសាទព្រះពុទ្ធសាសនា ធំជាងគេក្នុងពិភពលោក។ ជាក់ស្ដែង ប្រាសាទ Borobudur ដែលត្រូវបានកសាងឡើង ក្នុងសតវត្សរ៍ទីប្រាំបី និងទីប្រាំបួន ដែលមានរចនាបថ ជាចេតិយបីជាន់ធំៗ នឹងព័ទ្ធជុំវិញដោយចេតិយចំនួន 72 ផ្សេងទៀត ដែលនីមួយៗ សុទ្ធតែមានរូបសំណាកព្រះពុទ្ធ។
៨. ព្រះវិហារ Shri Swaminarayan Mandir រដ្ឋ New Jersey សហរដ្ឋអាមេរិក
ព្រះវិហារ Shri Swaminarayan Mandir គឺជាប្រាសាទហិណ្ឌូ នៅកណ្តាលរដ្ឋ New Jersey សហរដ្ឋអាមេរិក ដែលត្រូវបានធ្វើឡើងអំពីថ្មម៉ាប Carrara របស់អ៊ីតាលីទាំងស្រុង។ ប្រាសាទនេះ មានក្បាច់ចម្លាក់ដ៏ស្មុគស្មាញ ដែលបង្កើតបានជាទេសភាព ដ៏អស្ចារ្យបំផុតមួយនៅអាមេរិក។
៩. ប្រាសាទ Meenakshi Amman ទីក្រុង Madurai ប្រទេសឥណ្ឌា
ប្រាសាទ Meenakshi Amman មានទីតាំងស្ថិត នៅភាគខាងត្បូងនៃប្រទេសឥណ្ឌា។ វាមានភាពទាក់ទាញ ដោយសារតែរូបចម្លាក់ ដែលគ្របដណ្តប់ផ្នែកខាងក្រៅ នៃប្រាសាទនេះ បង្កើតបានជាពណ៌ឥន្ធនូ យ៉ាងស្រស់ស្អាតមួយបែប។ ប្រាសាទនេះត្រូវបានកសាងឡើងវិញ នៅសតវត្សទី 16 និង 17 បន្ទាប់ពីត្រូវបានបំផ្លាញ រួមជាមួយទីក្រុង អស់រយៈពេលជាច្រើន ចាប់តាំងពីក្នុងអំឡុងឆ្នាំ 1310។
១០. គុហា Batu ទីក្រុង Selangor ប្រទេសម៉ាឡេស៊ី
ស្ថិតនៅភាគខាងជើងនៃរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី គុហា Batu មានរូងភ្នំសំខាន់ចំនួនបី នៅនឹងកន្លែង ដែលអាចចូលបាន ដោយប្រើជណ្តើរជើងចំនួន 272 កាំ ដើម្បីឡើងទៅលើប្រាសាទ។ ប្រាសាទជាច្រើនអាចត្រូវបាន រកឃើញនៅក្នុងគុហានេះ ដែលជារូងភ្នំដ៏ធំបំផុត។ នៅផ្នែកខាងក្រោមនៃ ជណ្ដើរមានរូបសំណាក ដ៏ធំមហិមារបស់អាទិទេព Murugan ដែលធ្វើឱ្យវាក្លាយជា កន្លែងគោរពបូជាដ៏ គួរឱ្យស្ញប់ស្ញែងបំផុតមួយ នៅក្នុងពិភពលោក។