គោលដៅក្រៅប្រទេសដ៏ល្អបំផុត សម្រាប់ទៅលេងកម្សាន្ដ ក្នុងឱកាសថ្ងៃបុណ្យណូអែល ខាងមុខនេះ!


ពិធីបុណ្យ Christmas ឬបុណ្យណូអែល ដែលពេលវេលាដ៏អស្ចារ្យបំផុតនៃឆ្នាំ 2022 នេះ កំពុងខិតជិតមកដល់ហើយ ខណៈដែលគោលដៅទេសចរណ៍នានា មិនថានៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ ក៏កំពុងតែរៀបចំតុបតែងលម្អទីក្រុង និងកន្លែងកម្សាន្ដនានា ជាបណ្ដើរៗផងដែរ។ បើទោះបីជាពិធីបុណ្យនេះ មិនជាពិធីបុណ្យប្រពៃណី របស់ប្រទេសកម្ពុជាក៏ដោយ ក៏មានប្រជាជនខ្មែរយើងជាច្រើន ពេញនិយមចូលរួម អបអរសាទក្នុងពិធីនេះផងដែរ។ អ្នកខ្លះក៏ឈប់សម្រាក ដើម្បីដើរលេងលំហែកាយ នៅតាមកន្លែងនានា នៅក្នុងប្រទេស ហើយអ្នកខ្លះទៀត ក៏ចូលចិត្ដទៅលេងកម្សាន្ដ នៅក្រៅប្រទេសជាដើម។ ដូច្នេះនៅក្នុងថ្ងៃនេះ ក្រុមការងារយើង នឹងនាំប្រិយមត្ដិទាំងស្គាល់ កន្លែងដ៏ល្អបំផុតនៅក្រៅប្រទេស សម្រាប់ទៅចូលរួមលេងកម្សាន្ដ បុណ្យណូអែល ទាំង 8 ដូចខាងក្រោម៖

១. ទីក្រុង New York សហរដ្ឋអាមេរិក

ជាការពិតណាស់ ពិធីបុណ្យ Christmas គឺជាពិធីបុណ្យដ៏ធំប្រចាំឆ្នាំមួយ របស់បណ្ដាប្រទេសលោកខាងលិច និងតំបន់អឺរ៉ុបតែម្ដង។ ដូចវាមិនមានអ្វីចម្លែកទេ ដែលទីក្រុង New York ត្រូវបានចាត់ទុកជាកន្លែងល្អបំផុត សម្រាប់ទៅចូលរួម អបអរសាទរពិធីបុណ្យ Christmas នេះ។ នៅទីនោះមានសកម្មភាពកម្សាន្ដ ជាច្រើនដូចជា ការជិះស្គីលើទឹកកកនៅឯ Rockefeller Center ការមើលការសម្ដែង ពិធីបុណ្យណូអែលដ៏អស្ចារ្យនៅ Broadway និងកន្លែកជាច្រើនផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុង New York ក៏មានហាងលក់ទំនិញ និងទីផ្សារទំនើប ជាច្រើនផ្សេងទៀតផងដែរ។

២.  រដ្ឋធានី Rovaniemi ប្រទេសហ្វាំងឡង់

មានកន្លែងមួយចំនួន ដែលជាប់ទាក់ទងនឹង រឿងព្រេងនិទាន Christmassy ផងដែរ ដូចជា Rovaniemi ដែលជារដ្ឋធានីនៃ Lapland និងជាស្រុកកំណើតផ្លូវការរបស់ លោកតា Santa Claus ផងដែរ។ នៅពេលដែលអ្នកបាន ទៅកម្សាន្ដនៅទីនោះ អ្នកនឹងបានស្វែងយល់អំពី ភូមិសាន់តាក្លូស និងជិះសត្វរមាំងជុំវិញទីក្រុង ក៏ដូចជាទៅស្ទីមសូណា ដែលជាប្រពៃណីបុណ្យណូអែល របស់ហ្វាំងឡង់ផងដែរ។

៣. ទីក្រុង New Orleans សហរដ្ឋអាមេរិក

ទីក្រុង New Orleans ពោពេញទៅដោយប្រពៃណី បុណ្យណូអែល ដូចជាការដុតភ្លើងឆេះ នៅលើច្រាំងទន្លេ Mississippi និងការតុបតែង រថយន្តតាមដងផ្លូវ យ៉ាងទាក់ទាញ ការប្រគុំតន្ត្រី Carol ដ៏រស់រវើក និងការតុបតែង បន្ទប់ទទួលភ្ញៀវ របស់សណ្ឋាគារ Glam AF ដ៏ប្រណិតជាដើម។ ប្រសិនបើអ្នកជា មនុស្សចូលចិត្តប្រវត្តិសាស្ត្រ ក៏អាចនឹងទៅស្វែងយល់ ពីប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍ របស់ទីក្រុងនៅសារមន្ទីរជាច្រើន ដូចជាសារមន្ទីរ Cabildo, Historic New Orleans Collection និងសារមន្ទីរ New Orleans Jazz ជាដើម។

៤. ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

ចាប់តាំងពី ដើមខែវិច្ឆិកាកន្លងមកនេះ ការរៀបចំពិធីអបអរសាទរ នៃបុណ្យណូអែល នៅទីក្រុងឡុងដ៍ បានសាយភាយ ពេញទីក្រុងរួចទៅហើយ ហើយនៅចុងខែធ្នូ ដែលកំពុងជិតមកដល់នេះ ក៏នឹងក្លាយជាពេលវេលា ដ៏រំភើបមួយសម្រាប់អ្នកនៅនោះ។ ជាពិសេសទីក្រុងឡុងដ៍ ត្រូវបានចាត់ទុកថា ជាកន្លែងដ៏រ៉ូមែនទិកបំផុតមួយ នៅចក្រភពអង់គ្លេសផងដែរ។ លោកអ្នកអាចនឹងបានឃើញ ការរៀបចំតុបតែងលម្អ ដើមឈើណូអែល តម្រង់ជួរគ្នានៅតាមដងផ្លូវ ដែលរំលេចដោយភ្លើងពណ៌នៃ បុណ្យណូអែល និងការបន្លឺសំឡេងបទភ្លេង Christmas ដ៏រីករាយ។

៥. ទីក្រុង Reykjavik ប្រទេសអ៊ីស្លង់

ពិធីបុណ្យណូអែល ក៏ជាពេលវេលាដ៏គួរឱ្យរីករាយមួយ នៅពេលអ្នកទៅលេងកម្សាន្ដ ទីក្រុង Reykjavik ប្រទេសអ៊ីស្លង់ផងដែរ ជាមួយនឹងទីក្រុង ដែលមានទីផ្សាររាត្រី និងកន្លែងជិះស្គី លើទឹកកកដ៏សែនមនោរម្យ។ ជាពិសេសការទៅទស្សនា បាតុភូតពន្លឺ Aurora ដ៏ស្រស់ស្អាតនាពេលរាត្រី។

៦. ទីក្រុង Nuremburg ប្រទេសអាល្លឺម៉ង់

នៅពេលអ្នកបានទៅលេង នៅទីក្រុង Nuremburg អ្នកអាចទៅកម្សាន្ដនៅ Weihnachtsmarkts ដែលជា ទីផ្សារបុណ្យណូអែល ប្រពៃណីរបស់ ប្រទេសអាឡឺម៉ង់ ដ៏មានភាពល្បីល្បាញ ទូទាំងពិភពលោក។ ទីក្រុង Nuremburg គឺជាទីក្រុងចាស់ជាងគេធំបំផុត និងល្អបំផុតរបស់ ប្រទេសនេះផងដែរ។ លោកអ្នកក៏អាចនឹង បានទៅឈ្លក់រសជាតិនំប៉័ងខ្ញី និងស្រាក្រឡុក ដ៏ឈ្ញុយឆ្ញាញ់នៅទីនោះ ជាមួយនឹងការ ដើរឆ្លងកាត់ទីក្រុងតូចមួយ ដែលមានតូបឈើ លក់ស្ករគ្រាប់ វត្ថុអនុស្សាវរីយ៍ និងគ្រឿងការតុបតែង ធ្វើដោយដៃផ្សេងៗ ជាច្រើនទៀតផង។

៧. ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី

សម្រាប់អ្នកចង់ទៅអបអរ ពិធីបុណ្យណូអែល និងចូលចិត្ដទៅលេងកម្សាន្ដ នៅសមុទ្រដែរនោះ ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ទំនងជាកន្លែងដ៏ល្អបំផុត សម្រាប់អ្នកហើយ។ លោកអ្នកទៅលេងកម្សាន្ដ នៅលើឆ្នេរសមុទ្រ ជាមួយនឹងសីតុណ្ហភាពជាមធ្យមតែ 25 អង្សារសេ ហើយលោកអ្នក ក៏អាចរីករាយនឹង អាហារពេលល្ងាច ថ្ងៃបុណ្យណូអែល នៅទីនោះផងដែរ។

៨. ក្រុង Munich ប្រទេសអាល្លឺម៉ង់

ចំណាយពេលថ្ងៃបុណ្យណូអែល របស់អ្នកនៅក្នុងតំបន់ ដ៏ស្រស់ស្អាតនេះ នៅភាគខាងត្បូង ប្រទេសអាល្លឺម៉ង់។ ចាប់ផ្តើមដំណើរផ្សងព្រេង របស់អ្នកនៅទីក្រុង Munich ដែលជាកន្លែងដែល អ្នកអាចពិសាស្រាទំពាំងបាយជូរ នៅពេលអ្នកដើរកាត់ទីក្រុងដ៏ទាក់ទាញ។ បន្ទាប់មកដើរកម្សាន្ដ ទស្សនាបុណ្យណូអែល នៅក្នុងទីក្រុងតូចៗ ឬទៅជិះស្គីនៅភ្នំអាល់របស់អាល្លឺម៉ង់។