ថ្លែងក្នុងកម្មវិធីស្តីពី លទ្ធផលពិភាក្សាតុមូល កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងបណ្តាទីក្រុង នៃប្រទេសអាស៊ានទាំង១០ បានចុះហត្ថលេខា លើសេចក្តីប្រកាស ទីក្រុងភ្នំពេញដែលជាតឹកតាំងថ្មី បង្ហាញពីការការប្ដេជ្ញាចិត្ដរួមគ្នា ដើម្បីអភិវឌ្ឍន៍ទីក្រុង បង្ហាញអំពីសេចក្ដីថ្លៃថ្នូរ នៃការប្ដេជ្ញាចិត្ត របស់អាស៊ាន ដើម្បីបន្តដំណើរទៅថ្ងៃអនាគត ធ្វើយ៉ាងណាឆ្លើយតបនឹង កសាងទីក្រុងឱ្យមានភាពធន់ ឆ្លាតវៃ ការត្រៀមលក្ខណៈ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងផ្ដល់នូវភាពសុខដុមនីយកម្ម ជូនប្រជាពលរដ្ឋ។
ការចុះហត្ថលេខាលើ សេចក្ដីប្រកាសភ្នំពេញឆ្នាំ២០២២ នេះ ដោយបានលើកឡើងពីក្ដីបារម្ភ ក៏ដូចជាបញ្ហាប្រឈម ដែលទីក្រុងនៅតំបន់អាស៊ាន ជួបប្រទះនៅក្នុងពេលនេះ រួមមាន៖ បញ្ហាសេដ្ឋកិច្ច បញ្ហាអាកាសធាតុ និងភាពមិនច្បាស់លាស់ផ្សេងៗ ជាពិសេសលើកឡើងពី ការបែងចែកថវិកា ដើម្បីធ្វើយ៉ាងណាជួយ អភិវឌ្ឍទីក្រុងឱ្យមានភាពធន់ និរន្តរភាព និងគួរឱ្យចង់រស់នៅ ។ ឯកឧត្ដម នួន ផារ័ត្ន បានគូសបញ្ជាក់បន្ថែមថា ទីក្រុងនៃតំបន់អាស៊ាន មានបញ្ហាប្រឈមជាច្រើន ដែលកំពុងតែកើតឡើង ដែលកើតចេញពី បញ្ហាប្រឈមការអភិវឌ្ឍទីក្រុង ដូចជា ការស្ទះចរាចរណ៍ ការគ្រប់គ្រងកាកសំណល់ ការបំពុល ទឹកកខ្វក់ ខ្វះខាតនូវតម្រូវការ ដែលមានតម្លៃសមរម្យ ទឹកស្អាត បញ្ហាសេវាសំខាន់ៗ និងខ្វះខាតទីធ្លាសួនបៃតង ដែលនេះជាអ្វីដែលបានពិភាក្សា និងលើកឡើង ពីបណ្ដារាជធានី នៅក្នុងតំបន់អាស៊ាន ។
ដូច្នេះ ដើម្បីដោះស្រាយ បញ្ហាប្រឈមទាំងអស់នេះ គឺបណ្តាទីក្រុង បានឯកភាពយោគយល់ថា សេចក្ដីប្រកាសទីក្រុងភ្នំពេញ នឹងស្នើសុំឱ្យមាន កិច្ចសហប្រតិបត្តិការបន្ថែមទៀត និងពង្រឹងនូវកិច្ចសហប្រតិបត្តិការ របស់ខ្លួន ដើម្បីលើកកម្ពស់ឱ្យ ទីក្រុងនៃបណ្តាតំបន់អាស៊ាន ចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងគ្នា ។ គួរបញ្ជាក់ដែរថា ក្នុងជំនួបរវាងបណ្ដាប្រទេសទាំង ១០ នេះដែរ តំណាងទីក្រុងវៀងចន្ទន៍ ហាណូយ ទីក្រុងភ្នំពេញ ដូចជាបណ្ដារាជធានីដទៃទៀត ក៏បានចែករំលែកអំពី ទម្លាប់អភិវឌ្ឍន៍ទីក្រុងល្អ ជាមួយនឹងការរៀបចំ ទីក្រុងផ្ដោតទៅលើប្រជាពលរដ្ឋ ដោយមិនសូវផ្ដោតលើ បច្ចេកវិទ្យានោះទេ។ ចំពោះទីក្រុងសាំងហ្គាពួរ បានចែករំលែកពីការដាំដុះបន្លែ ការរៀបចំផែនការទីក្រុង ដើម្បីធ្វើយ៉ាងណា ឱ្យធានាសន្តិសុខល្អប្រសើរ ជូនប្រជាពលរដ្ឋដែលរស់នៅ លើអគារខ្ពស់ៗរស់នៅ ប្រកបដោយសុខដុមនីយកម្ម។