នៅក្នុងឱកាសពិធីសម្ពោធ បើកការដ្ឋានសាងសង់ កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅកាន់រង្វង់មូលស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសក្ដានុពល តភ្ជាប់ជាមួយបណ្ដាញផ្លូវជាតិ-ផ្លូវខេត្តនានា ឆ្ពោះទៅកាន់រាជធានី-ខេត្ត។ ដូចនេះ កំណាត់ផ្លូវជាតិលេខ៧ នេះមានសារៈសំខាន់យ៉ាងណាខ្លះ?
១. ផ្លូវជាតិលេខ៧ ជាផ្នែកនៃផ្លូវអាស៊ានហាយវ៉េលេខ១១៖ កំណាត់ផ្លូវជាតិមួយខ្សែនេះ ជាផ្នែកមួយនៃផ្លូវអន្តរជាតិ (អាស៊ានហាយវ៉េលេខ១១) ដែលអាចឆ្ពោះទៅកាន់ តំបន់ព្រំដែននៃប្រទេសកម្ពុជា និងតភ្ជាប់ជាមួយបណ្ដាញ ខ្សែផ្លូវរបស់បណ្ដាប្រទេស នៃមហាអនុតំបន់ទន្លេមេគង្គ (GMS) ដូចជាប្រទេសឡាវ និងប្រទេសវៀតណាម សម្រាប់ការនាំចេញ-នាំចូលទំនិញផ្សេងៗ។
២. តភ្ជាប់តំបន់ប្រជុំជននៅក្នុងខេត្ត និងក្នុងតំបន់៖ កំណាត់ផ្លូវនេះ អាចធ្វើដំណើរបំបែក ទៅកាន់ផ្លូវជាតិលេខ៧១ ឆ្ពោះទៅទីរួមស្រុកចំការលើ ទីរួមស្រុកកំពង់ថ្ម ខេត្តកំពង់ធំ ហើយក៏តភ្ជាប់ទៅ ស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មា តាមរយៈផ្លូវជាតិលេខ៧១C ដែលដើរតួនាទីយ៉ាងសំខាន់ ដល់ការដឹកជញ្ជូនកសិផល។
៣. តភ្ជាប់ទៅកាន់រាជធានី-ខេត្ត ក្រុង ផ្សេងៗទៀត៖ កំណាត់ផ្លូវនេះ តភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយ ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦ និងផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅ ភូមិភាគឦសាន រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី សម្រាប់បម្រើការធ្វើដំណើរ និងវិស័យទេសចរណ៍។
សូមបញ្ជាក់ផងដែរថា គម្រោងពង្រីក និងលើកម្រិតគុណភាព ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) មានប្រវែងសរុប ៤៥ គីឡូម៉ែត្រ ពង្រីកពី ២ កន្លងទៅ ៤ គន្លង លើកកម្រិតទៅជា ផ្លូវបេតុងកៅស៊ូ AC ត្រូវបានម៉ៅការសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ដោយចំណាយថវិកាសរុប ១១៧ លានដុល្លារ។