រាជធានីភ្នំពេញ ជាភូមិសាស្ត្រមានតម្លៃ ដីធ្លីខ្ពស់ជាងគេបំផុត ក្នុងប្រទេសកម្ពុជា ប៉ុន្តែខណ្ឌនីមួយៗ តម្លៃដីមានតម្លៃមិនដូចគ្នាឡើយ វាអាស្រ័យទៅលើ កត្តាភូមិសាស្ត្រ ងាយស្រួលរស់នៅ កត្តាអភិវឌ្ឍន៍ដែលមាន តម្រូវការខ្ពស់ និងតំបន់នៃបណ្ដុំ ពាណិជ្ជកម្មធំៗស្ថិតនៅ។
យោងតាមការសិក្សា ស្រាវជ្រាវពីក្រុមហ៊ុន ProNex Cambodia ដែលបានស្រាវជ្រាវ តម្លៃដីធ្លីក្នុងខណ្ឌ របស់រាជធានីភ្នំពេញក្នុងឆ្នាំ២០២២ បានចេញរបាយការណ៍បង្ហាញថា ខណ្ឌបឹងកេងកង ខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌទួលគោក សុទ្ធសឹងតែជាខណ្ឌ មានតម្លៃដៃខ្ពស់បំផុត ខណៈដែល ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌព្រែកព្នៅ តម្លៃដីនៅទាបជាងគេ។
ខាងក្រោមនេះ ជាតម្លៃដីធ្លីនៃខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ គិតជាមធ្យម៖
១. ខណ្ឌបឹងកេងកង តម្លៃដីធ្លីស្ថិតនៅចន្លោះពី ៣ ០០០ ទៅដល់ ៨ ០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
២. ខណ្ឌដូនពេញ តម្លៃដីធ្លីមានចន្លោះពី ៣ ០០០ ទៅដល់ ៧ ០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
៣. ខណ្ឌ៧មករា តម្លៃដីមានចន្លោះពី ៣ ០០០ ទៅដល់ ៥ ០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
៤. ខណ្ឌចំការមន តម្លៃដីអាចមានចន្លោះពី ២ ០០០ ពាន់ទៅដល់ ៤ ៣០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
៥. ខណ្ឌទួលគោក តម្លៃដីមានចន្លោះពី ២ ០០០ ទៅដល់ ៦ ០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
៦. ខណ្ឌឫស្សីកែវ តម្លៃដីមានចន្លោះពី ១ ០០០ ទៅដល់ ៣ ០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
៧. ខណ្ឌមានជ័យ តម្លៃដីមានចន្លោះពី ១ ០០០ ទៅដល់ ២ ០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
៨. ខណ្ឌជ្រោយចង្វា តម្លៃដីមានចន្លោះពី ១ ០០០ ទៅដល់ ២ ៥០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
៩. ខណ្ឌច្បារអំពៅ តម្លៃដីមានចន្លោះពី ៥ ០០ ទៅដល់ ២ ៥០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
១០. ខណ្ឌសែនសុខ តម្លៃដីធ្លីចន្លោះពី ៥០០ ដល់ ១ ៥០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
១១. ខណ្ឌពោធិ៍សែនជ័យ តម្លៃដីធ្លីចន្លោះពី ២០០ ដល់ ១ ០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
១២. ខណ្ឌដង្កោ តម្លៃដីធ្លីចន្លោះពី ២០០ ដល់ ១ ០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
១៣. ខណ្ឌព្រែកព្នៅ តម្លៃដីធ្លីចន្លោះពី ១០០ ដល់ ៥០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
យើងសង្កេតឃើញថា តម្លៃដីធ្លីនៅតាមខណ្ឌ មិនដូចគ្នាហើយ ហើយខណ្ឌនីមួយៗ របាយនៃតម្លៃដីធ្លី ក៏មានតម្លៃមិនដូចគ្នា វាអាស្រ័យលើទីតាំងអំណោយផល កត្តាប្រជាសាស្ត្រមនុស្សរស់នៅកុះករ ហើយជាពិសេស បើស្ថិតនៅលើផ្លូវធំរបស់រដ្ឋ ងាយស្រួលធ្វើដំណើរ និងប្រកបអាជីវកម្ម តម្លៃក៏ខ្ពស់ផងដែរ។
ដូចនេះ សម្រាប់ការអភិវឌ្ឍន៍ អចលនទ្រព្យនៅរាជធានីភ្នំពេញ នៅខណ្ឌបឹងកេងកង ខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌទួលគោក មានការរីកចម្រើនឡើងខ្លាំង នៃអគារការិយាល័យ ខុនដូកម្រិតខ្ពស់ និងផ្សារទំនើប ខណៈដែលខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌព្រែកព្នៅ មានការរីកចម្រើន នៃសំណង់លំនៅដ្ឋានបុរី កម្រិតបង្គួរ និងកម្រិតមធ្យម ឃ្លាំងស្ដុកទំនិញ និងមានរោងចក្រឧស្សាហកម្ម តូចធំផងដែរ។