ដូចអ្វីដែលអ្នកទាំងអស់គ្នាបានឃើញហើយ វាគឺជាតង់មួយដែលផ្តល់ការស្នាក់នៅ និងទេសភាពដ៏អស្ចារ្យ។ តង់នេះមានឈ្មោះថា “Bubble Tent” ដែលមានរាងថ្លាភ្លឺរលោង ដូចទៅនឹងពពុះសាប៊ូនៅលើឆ្នេរសមុទ្រអញ្ចឹងដែរ។
នៅផ្នែកខាងក្នុងនៃតង់មានការតុបតែងយ៉ាងប្រណិតជាមួយ គ្រែគេងបួនជ្រុង នៅលើបន្ទះពណ៌ស ជាមួយនឹងតុតូចៗពីរទៀតដែលមានចង្កៀងអគ្គិសនីនៅពីលើ។ ក្រៅពីនេះមានដូចជា កៅអីដ៏ធំពណ៌ផ្ទៃមេឃលាយស ជាមួយពូកទន់ៗដែលអាចឲ្យអ្នកអង្គុយបានស្រួល កម្រាលឥដ្ឋចម្រុះពណ៌ក្រាលនៅខាងក្រោមចាំងឆ្លុះជាមួយនឹងដំបូលកញ្ចក់ថ្លា។
Bubble Tent នេះព័ទ្ធជុំវិញដោយទេសភាពដ៏ស្រស់ត្រកាល ជាមួយនឹងឆ្នេរសមុទ្រ ដែលមានខ្សាច់ពណ៌សក្បុស នៅក្នុងតំបន់ម៉ាល់ឌីវ ហើយវាក៏ជាតំបន់មើលផ្កាយដ៏ស្រស់ស្អាតនៃ Milky Way ផងដែរ។ បើសិនជាពេលយប់វិញ អ្នកសឹងតែមិនចង់គេងឡើយ គឺគ្រាន់តែចង់គេងលើគ្រែ មើលទេសភាពនៃមេឃ និងផ្កាយដ៏ស្រស់ស្អាតជាច្រើន ដែលកំពុងតែចាំងពន្លឺនៅពីលើអ្នក ហើយពិតជាមិនចង់ឲ្យដល់ពេលព្រឹកលឿនឡើយ។
តង់នេះ គឺជាការផ្តល់ជូនពិសេស តែមួយគត់ ដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងជាងគេនៅ Finolhu ដែលជារមណីយដ្ឋានប្រណិតនៅលើកោះ Baa Atoll និងជារមណីយដ្ឋានជីវចម្រុះ ព្រមទាំងត្រូវបានការពារដោយអង្គការយូនីស្កូនៅម៉ាល់ឌីវ។
វាពិតជាស្អាតមែនទែន នៅតាមមាត់ឆ្នេរសមុទ្រជាមួយនឹងខ្សាច់សក្បុសទាំងនេះ ផ្តល់ជូនដោយបរិយាកាសដ៏ស្ងប់ស្ងាត់។ នៅក្នុងតង់នេះ គ្រប់យ៉ាងគឺថ្លាឆ្លុះទាំងអស់ លើកលែងតែផ្នែកខាងក្រោយ សម្រាប់ជាកន្លែងងូតទឹក និងបង្គន់អនាម័យ។
Bubble Tent ត្រូវបានសាងសង់ដោយក្រុមអ្នកជំនាញ “Eye In The Sky” របស់អេស្ប៉ាញ ប្រើប្រាស់ដោយបច្ចេកវិទ្យាទំនើប និងបំពាក់ដោយស្រទាប់ការពារកម្តៅប្រភេទ Polyester UV-Protective ដែលមានសមត្ថភាពខ្ពស់ក្នុងការការពារកម្តៅ។ តង់ថ្លា Bubble Tent នេះ មានតែមួយទេ នៅក្នុងរមណីយដ្ឋាន Finolhu ប៉ុន្តែក៏មានវីឡាស្នាក់នៅចំនួន 125 ផ្សេងទៀតនៅក្នុងបរិវេណរមណីយដ្ឋានមួយនេះ ដែលលាតសន្ធឹងតាមពំនូកផ្កាថ្មតូចៗ និងខ្សាច់ទំហំ 11/4 Miles។ ក្រៅពីនេះមានដូចជាភោជនីយដ្ឋានចំនួន 4, កន្លែងស្ប៉ា, កន្លែងលេង Tennis, កន្លែងហែលទឹក ឬជ្រមុជទឹក និងកន្លែងកម្សាន្តផ្សេងទៀតជាច្រើន។
យល់យ៉ាងណាដែរ សម្រាប់តង់ថ្លាពពុះសាប៊ូមួយនេះ? ចង់ទៅសម្រាកនៅហ្នឹង លេងទឹក មើលផ្កាយដែរអត់? ប៉ុន្តែបើសិនជាអ្នកចង់មែននោះ ចាំបាច់ត្រូវកក់វាជាមុនហើយ ព្រោះវាមានតែមួយប៉ុណ្ណោះ នៅក្នុងរមណីយដ្ឋាននោះ ដែលអ្នកនឹងត្រូវចំណាយខ្ទង់ $700 សម្រាប់ការស្នាក់នៅពេញមួយថ្ងៃ។ សម្រាប់ព័ត៌មានបន្ថែម អ្នកអាចចូលទៅកាន់ Instagram ផ្លូវការរបស់តង់នេះបាន “finolhu_maldives” ។