ខេត្តសៀមរាប ត្រៀមស្វាគមន៍ការមកដល់នៃ ភ្ញៀវទេសចរចិនឡើងវិញ នាដើមខែមីនា ខាងមុខ


សៀមរាប៖ ការវិលត្រឡប់មកវិញ នៃភ្ញៀវទេសចរចិនជាលើកដំបូង គិតចាប់តាំងពីមាន វិបត្តិជំងឺកូវីដ-១៩ នឹងចាប់ផ្ដើមឡើងវិញ នាដើមខែមីនា ខាងមុខហើយសម្រាប់ ខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទាំង ២ នាពេលកន្លងទៅ ក្នុងការជម្រុញឱ្យពលរដ្ឋចិន ចូលមកកំសាន្តនៅកម្ពុជា ឱ្យបានច្រើន។

ភ្ញៀវទេសចរចិន នឹងចាប់ផ្ដើមមានវត្តមាន កាន់តែច្រើន នៅខេត្តសៀមរាប ដែលជារមណីយដ្ឋាន ទេសចរណ៍ប្រវត្តិសាស្ត្រ ដ៏សំខាន់មួយរបស់កម្ពុជា គិតចាប់ពីខែមីនា ឆ្នាំ២០២៣ ខាងមុខតទៅ។ ការមកដល់នៃភ្ញៀវទេសចរចិន លើកនេះ គឺជាការបើកដំណើរការឡើងវិញ ជាលើកដំបូង បន្ទាប់ពីខកខានអស់ជាង ៣ ឆ្នាំដោយសារតែ វិបត្តិនៃជំងឺកូវីដ ១៩ នេះបើយោងតាមកិច្ចប្រជុំ ផ្សព្វផ្សាយត្រៀមទទួលទេសចរចិន (China Ready) ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដឹកនាំដោយ ឯកឧត្ដម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

ស្ថិតក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម បានគូសបញ្ជាក់ថា ក្រោយប្រទេសចិន ប្រកាសបើកប្រទេសឡើងវិញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋាភិបាលចិនមក កម្ពុជាបន្តទទួលជើងហោះហើរត្រង់ ជាបន្តបន្ទាប់ពីគោលដៅប្រទេសចិន ចូលមកកាន់កម្ពុជា ពិសេសរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ដោយឡែកខេត្តសៀមរាប ពុំទាន់មានជើងហោះហើរត្រង់ ពីប្រទេសចិននៅឡើយ ហើយចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ តទៅ អាចរំពឹងថានឹងមានជើងហោះហើរត្រង់ ចូលមកខេត្តសៀមរាបជាបន្តបន្ទាប់។

ជាមួយគ្នានោះដែរ ឯកឧត្ដម បានបញ្ជាក់បន្ថែមទៀតថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីត្រៀមទទួល ទេសចរចិនមកខេត្តសៀមរាប នៅដើមខែមីនា ឆ្នាំ២០២៣ ក៏ដូចជាជំរុញប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាប ដែលទទួលទីផ្សារចិន ពង្រឹងសេវាកម្មទេសចរណ៍ ទទួលភ្ញៀវចិន តាមរយៈការស្នើសុំ ការវាយតម្លៃបញ្ជាក់ កម្រិតសេវាកម្មសម្រាប់ ទីផ្សារទេសចរចិន និងប្រមូលបញ្ហាប្រឈមនានា របស់ប្រតិបត្តិករទទួលទីផ្សារចិន ក្នុងខេត្តសៀមរាប។

គួរបញ្ជាក់ថាក្នុងឆ្នាំ២០២៣ កម្ពុជារំពឹងនឹងទទួលបាន ភ្ញៀវទេសចរអន្តរជាតិពី ៣ ទៅ៤ លាននាក់ ដោយក្នុងនោះមាន ភ្ញៀវទេសចរចិនចន្លោះពី ៨០ម៉ឺន ទៅ១លាននាក់។ ស្ថិតក្នុងចំណោមនៃ ចំនួនភ្ញៀវទាំងនោះមានប្រមាណជា ៣០% នៃទេសចរចិន នឹងរំពឹងថាមកទស្សនា ខេត្តសៀមរាប ហេតុដូច្នេះរដ្ឋាបាល ខេត្តសៀមរាប ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីពង្រឹងគុណភាពសេវា ឱ្យស្របតាមតម្រូវការ របស់ទេសចរចិន និងការកំណត់នានា ដែលមានចែងក្នុងសៀវភៅ ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា ដែលបានដាក់ឱ្យអនុវត្ត ដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦៕