នៅខេត្តស្ទឹងត្រែង មានរមណីយដ្ឋានទេសចរណ៍ ដ៏ស្រស់បំព្រងជាច្រើន ក៏ប៉ុន្ដែមិនសូវមានអ្នកស្គាល់ ទាំងអស់នោះទេ។ ជាក់ស្ដែង ក្រៅពីទឹកធ្លាក់សុភមិត្រ (ឬល្បាក់ខោន) ដែលមានអ្នកទៅ លេងកម្សាន្ដច្រើន ពេលទៅដល់នៅខេត្តស្ទឹងត្រែង អ្នកក៏មិនត្រូវរំលង “កោះហាន” ដែលជាមណីយដ្ឋានទេសចរណ៍ បែបសហគមន៍ទេសចរណ៍ ផងដែរ។ រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅក្នុង ភូមិកោះស្នែង ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត ដែលមានចំងាយប្រមាណជា ៣០គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង មានសក្តានុពលទេសចរណ៍សំខាន់ៗ ដូចជាព្រែកអ្នកតា កោះសំបូរ ក្បាលកោះស្នែង ក្បាលកោះទន្លេមួយ ភ្នំត្រងើល អន្លង់ថ្មកំបោរ វាលព្រលាន កន្ទុយកោះហាន និងក្បាលកោះហានជាដើម។
កោះនេះមានលក្ខណៈពិសេសត្រង់ថា វាមានទឹករាក់នៅជាមួយនឹង ដើមឈើដ៏ធំៗ ដុះចាក់ស្រេះគ្នា ហាក់ដូចជា ព្យាយាមការពារអ្នកទេសចរ ឱ្យត្រជាក់ចិត្ត មិនឱ្យត្រូវពន្លឺថ្ងៃនោះឡើយ ដែលវាល្អបំផុតសម្រាប់ខែប្រាំង នាពេលចូលឆ្នាំថ្មីនេះខាងមុខ។ ភ្ញៀវទេសចរអាចជិះទូក តាមដងទន្លេ ជិះម៉ូតូ ជិះកង់តាមកោះ ដើរក្នុងព្រៃក្នុងសហគមន៍ ស្នាក់នៅស្ទូចត្រី បង់សំណាញ់ មើលសត្វស្លាប បោះតង់ មើលថ្ងៃលិច ងូតទឹក កម្សាន្តអង្គុយលេង ក្រោមដើមឈើ ជីកចង្រិត។
អ្នកដែលទៅកំសាន្តនោះទីនោះ អាចលេងទឹកនិងជិះទូក មើលទេសភាពដើមឈើ ដុះប្រលែងនឹងទឹកឡើងថ្លា មើលឃើញដល់បាត។ សម្រាប់ទូក អ្នកអាចជួលទូកអ្នកភូមិ ដោយមានគេអុំឱ្យក៏បាន ឬក៏ជួលទូកកាយ៉ាក់ អុំដោយខ្លួនឯងក៏បាន។ តាមរយៈសកម្មភាពកម្សាន្ដទាំងអស់នេះ បានធ្វើឲ្យកោះហាន ក្លាយជាឋានសួគ៌បៃតង លើដី និងផ្ទៃទឹក នៃតំបន់អភិរក្សជីវចំរុះ នៃតំបន់រ៉ាមសារ តាមដងទន្លេមេគង្គលើ នាខេត្តស្ទឹងត្រែងតែម្ដង។ ដើម្បីទៅលេងកម្សាន្ដ រមណីយដ្ឋាននេះ អ្នកអាចធ្វើដំណើរ ឆ្លងតាមស្ពានសេកុង តាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ ទៅដល់កំពង់ដរចម្លងសហគមន៍ និងជិះទូកបន្តឆ្ពោះ ទៅកោះស្នែង។
សហគមន៍អេកូទេសចរណ៍ សម្រស់កោះហាន មានចំនួន៤ភូមិគឺ ភូមិកោះស្នែង ភូមិកោះកី ភូមិកោះស្រឡៅ និងភូមិជាំធំ។ នាខែនេះ តំបន់ទេសភាពនេះ ពិតជាស្រស់ស្អាត ជាមួយឆ្នេរខ្សាច់សក្បុស ជិះកែយ៉ាក់ ទស្សនាព្រៃលិចទឹកបៃតងខ្ចី ជាមួយឬសឈើដ៏ទាក់ទាញ នៅកណ្តាលទន្លេមេគង្គ ភ្លក្សអាហារឆ្ងាញ់ ត្រីស្រស់ៗ ដែលចំអិនដោយសហគមន៍ កាន់តែពិសេសយើងអាចជិះទស្សនា សត្វស្លាប តំបន់ថ្មកំបោរនៃ តំបន់រ៉ាមសារផងដែរ។