សហគមន៍អេកូទេសចរណ៍ធម្មជាតិ ផាត់សណ្តាយ ហាក់កំពុងទទួលបានប្រជាប្រិយភាព និងកំណើនសក្តានុពលទេសចរណ៍ខ្ពស់ ក្នុងខេត្តកំពង់ធំ


ផាត់សណ្តាយ ជាសហគមន៍អេកូទេសចរណ៍ធម្មជាតិ ស្ថិតក្នុងខេត្តកំពង់ធំ មានសក្តានុពលទេសចរណ៍ ពីធម្មជាតិសំខាន់ៗជាច្រើន ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ចូលមកលេងកម្សាន្ត។

បើយោងតាមការលើកឡើងរបស់ លោក សូ សុន ប្រធានអេកូទេសចរណ៍ សហគមន៍ផាត់សណ្តាយ បានឱ្យដឹងថា សហគមន៍អេកូទេសចរណ៍ធម្មជាតិ ផាត់សណ្តាយ មានទីតាំងស្ថិតនៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៩ ដែលមានទំហំផ្ទៃដីប្រមាណ ២៣ ០០០ហិកតា។

លោកបន្តថា អេកូទេសចរណ៍ធម្មជាតិ ផាត់សណ្តាយ មានសក្តានុពលពី ធម្មជាតិជាច្រើន ជាទីចាប់អារម្មណ៍ចូលមកកម្សាន្ត ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារទីនេះមាន ព្រៃសហគមន៍ ព្រៃលិចទឹកជាច្រើនហិកតា ទស្សនាសត្វស្លាបចម្រុះ ជាច្រើនប្រភេទ ឱ្យចំណី និងទស្សនាត្រីមេពូជ ទស្សនាព្រែកអភិរក្សទាំង ៥ របស់សហគមន៍ សេវាកម្មផ្ទះស្នាក់ បោះតង់ ម្ហូបអាហារ មានកាណូតតូចធំ សម្រាប់ដឹកភ្ញៀវជិះកម្សាន្ត តាមព្រៃសហគមន៍ ទស្សនាថ្ងៃរះនិងថ្ងៃលិច នៅផ្ទៃបឹងទន្លេសាបជាដើម។

លោកបន្តទៀតថា មកដល់សហគមន៍អេកូទេសចរណ៍ធម្មជាតិ ផាត់សណ្តាយ ភ្ញៀវទេសចរមិនត្រឹមតែ អាចសម្រាកលម្ហែកាយ យ៉ាងសប្បាយរីករាយ ជាមួយនឹងទេសភាពធម្មជាតិប៉ុណ្ណោះទេ ភ្ញៀវទេសចរក៏អាចមើល ឃើញផ្ទាល់អំពី ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាសហគមន៍ រស់នៅជុំវិញនោះ ប្រមាណជាង១០០០គ្រួសារ ដែលភាគច្រើនពួកគាត់ ពឹងអាស្រ័យលើវិស័យទេសចរណ៍ ផងដែរ។

សូមបញ្ជាក់ផងដែរថា សហគមន៍អេកូទេសចរណ៍ធម្មជាតិ ផាត់សណ្តាយ មានចម្ងាយប្រមាណជាង ៥០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ អ្នកទេសចរមានជម្រើសពីរ ដើម្បីធ្វើដំណើរមកកាន់ សហគមន៍អេកូទេសចរណ៍ធម្មជាតិ ផាត់សណ្តាយ ដោយអាចធ្វើដំណើរតាម ផ្លូវគោក ប្រើប្រាស់មធ្យោបាយ ដោយរថយន្តឬម៉ូតូ និងតាមរយៈកាណូត របស់សហគមន៍ចេញពី ទីរួមខេត្តតាមស្ទឹងសែន មកកាន់សហគមន៍បាន។

អេកូទេសចរណ៍ធម្មជាតិនេះ ជាកន្លែងកម្សាន្តសម្រាកលម្ហែកាយ បែបធម្មជាតិដ៏ល្អបំផុត ជាមួយនឹងសោភ័ណភាព ស្រស់ស្អាត នៃផ្ទះបណ្តែតទឹក ព្រៃលិចទឹករាប់ម៉ឺនហិកតា ដើមស្តី (ប្រភេទឈើព្រៃលិចទឹក) ដែលមានទំហំដ៏ធំ (១២ឱបមនុស្សពេញវ័យ) និងមានអាយុកាលជាង ២០០ឆ្នាំ៕