កោះពោធិ៍ គឺជាតំបន់កោះ ទេសចរណ៍បែបធម្មជាតិជាច្រើន ដ៏ស្រស់ត្រកាលប្រចាំខេត្តកែប ដែលភ្ញៀវទេសចរ អាចមកសម្រាកលំហែ និងកម្សាន្តជាមួយសកម្មភាពជាច្រើន


ខេត្តកែប៖ កោះពោធិ៍ ជាភូមិកររបស់អ្នកនេសាទ ប្រមាណជាខ្ទង់ ៥០ គ្រួសារ ដែលរស់នៅ យ៉ាងស្ងាត់ស្ងៀម លើកោះនៃភូមិសាស្ត្រ ខេត្តកែប។

វាក៏ដូចនឹងសហគមន៍ អ្នកនេសាទឯទៀតៗផងដែរ អ្នកភូមិកោះពោធិ៍រស់នៅ ដោយមានសេចក្តីសុខ ទៀងត្រង់ និងសកម្ម ក្នុងអាជីព ជាអ្នកនេសាទរបស់ខ្លួន។ ប្រជាពលរដ្ឋនៅកោះពោធិ៍ ១០០% គឺជាអ្នកនេសាទ ដែលពួកគេពុំដែលចាកចេញពី លើទឹក រកដីគោកឡើយ។

កោះមួយនេះ មានទេសភាពស្រស់ស្អាត ដែលអាចត្រូវនឹងចំណូលចិត្ត សម្រាប់ភ្ញៀវទេសចរដែលនិយម គោលដៅអេកូទេសចរណ៍ ហើយវាក៏មានឆ្នេរខ្សាច់ល្អ ប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ។ វាលម្អដោយឆ្នេរខ្សាច់ ពណ៌ពងមាន់ ព័ទ្ធជុំវិញដោយព្រៃឈើ ពណ៌បៃតងស្រស់។ នៅលើកោះនេះ ភ្ញៀវទេសចរអាច ទស្សនាទេសភាព ព្រៃភ្នំដ៏ស្រស់ត្រកាល ជិះទូក ស្ទូចត្រី ហែលទឹក ស្វែងយល់ពីជីវភាព រស់នៅរបស់ប្រជាជន នៅតំបន់នោះ និងមុជទឹកមើលផ្កាថ្មស្អាតៗ នៅបាតសមុទ្រជាដើម។

យ៉ាងណា ទីនោះពុំមានសាលារៀនសម្រាប់កុមារ  គ្មានមន្ទីរពេទ្យ ហើយក៏គ្មានអគ្គិសនីប្រើប្រាស់ដែរ។ វាជាភូមិដាច់ស្រយាល ដែលមានចម្ងាយប្រហែល  ១០ គីឡូម៉ែត្រពីក្រុងកែប។ ដើម្បីទៅដល់កោះពោធិ៍បាន គឺត្រូវធ្វើដំណើរមួយទៅពីរម៉ោង ពោលគឺយឺត ឬ លឿនទៅតាម អាកាសធាតុសមុទ្រ ដែលមានរលកធំ ឬ តូច។

សម្រាប់ការចំណាយតិច ភ្ញៀវទាំងឡាយ គួរទិញសំបុត្រទូក ទៅកោះពោធិ៍ ដែលត្រូវចំណាយ ៤០ ដុល្លារ ទាំងទៅទាំងមក ឬក៏ភ្ញៀវអាចទៅកោះទន្សាយ ក្នុងតម្លៃទៅមក ២០ ដុល្លារ សិន ហើយនៅពេលជិះ ភ្ញៀវអាចចរចាជាមួយ អ្នកបើកទូកដោយផ្ទាល់ ឱ្យជូនទៅ កោះពោធិ៍បន្តទៀតក៏បាន។