បើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៥ មិថុនា កន្លងទៅនេះ បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគជូនដល់ ក្រុមហ៊ុនចំនួន ៦ ដើម្បីបង្កើតរោងចក្រ និងផ្សារទំនើបថ្មី ក្រោមទុនវិនិយោគសរុប ៤៥លានដុល្លារ នៅខេត្តក្រុងចំនួន៥។
គម្រោងសាងសង់ថ្មីៗទាំង ៦ នោះមានដូចជាៈ
១/ “DRF-MART FA DAO JIA TRADING CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២៧កន្លែង។
២/ “ZHAO CHUNXIANG PROCESSING FACTORY CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃឈើដែលដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨៣កន្លែង។
៣/ “GREAT ZHENXIN GARMENT CO., LTD” គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវបេតុង ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៥៣៧កន្លែង។
៤/ “NIUENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៥៣០កន្លែង។
៥/ “LONG MARCH GARMENT CO., LTD” គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅ ផ្លូវជាតិលេខ២ ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២.៧២៣កន្លែង។
៦/ “TEAM INDUSTRIAL COMPANY LIMITED” គម្រោងបង្កើតរោងចក្រ ផលិតសម្ភារៈវេចខ្ចប់ (ថង់យួរ) និងដងវ៉ាលិសដែលមាន ទីតាំងវិនិយោគស្ថិតនៅអគារ A ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង។
ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថា នឹងអាចបង្កើតឱកាសការងារថ្មីចំនួន ៧.១៧៦ កន្លែង សម្រាប់ប្រជាជនកម្ពុជា ដែលនេះជាកត្តាជម្រុញ ឱ្យមានការកើនឡើងនៃ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាតិផងដែរ។