បឹងយក្សអោម-យក្សក្រា គោលដៅទេសចរណ៍ ប្រចាំខេត្តរតនគិរី កំពុងទាក់ចិត្តភ្ញៀវទេសចរយ៉ាងច្រើន ដោយសារសម្រស់ធម្មជាតិ ស្រស់ត្រកាល និងជាទីតាំងសម្រាកលំហែ រំសាយកង្វល់ ដ៏មានប្រសិទ្ធភាព!


បឹងយក្សអោម-យក្សក្រា ត្រូវបានគេស្គាល់ថា ជាទីតាំងដែលមាន សម្រស់ធម្មជាតិជាទី ទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្តទីនោះជាហូរហែ ដោយសារមានទេសភាពស្រស់ស្អាត លាយឡំជាមួយនឹង ព្រៃឈើដ៏ខៀវស្រងាត់ និងក្រអូបក្លិនផ្កាដ៏ឈ្ងុយឈ្ងប់។

បើយោងតាម លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានមានប្រសាសន៍ឱ្យដឹងថា បឹងយក្សអោម-យក្សក្រា ដែលអ្នកស្រុក តែងហៅម៉្យាងទៀតថា «បឹងភ្លោះ» គឺជាប្រភេទរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ ដ៏ស្រស់ត្រកាល កើតចេញបន្ទុះភ្នំភ្លើង មានទីតាំងស្ថិតនៅ ភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី និងមានចម្ងាយប្រមាណជា ៦៥ គីឡូម៉ែត្រ ពីវិមានឯករាជ្យក្រុងបានលុង ខេត្តរតនគីរី។

បន្ថែមពីនេះ លោកក៏បានបន្តថា រមណីយដ្ឋានបឹងយក្សអោម-យក្សក្រា ដែលធ្វើឱ្យភ្ញៀវទេសចរ បំភ្លេចមិនបាននោះ គឺសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៃបឹង អមជាមួយទេសភាពស្រស់ត្រកាល ព្រៃព្រឹក្សាធម្មជាតិពណ៍ បៃតងសមស្របនឹងអាកាសធាតុ អំណោយផលដ៏សែនត្រជាក់ ស្រស់ស្រាយគួរជាទីមនោរម្យ សម្រាប់ ភ្ញៀវទេសចរ ដែលចូលចិត្តទីតាំង សម្រាកលំហែបែបធម្មជាតិ។

លើសពីនេះ សម្រាប់ភ្ញៀវទេសចរ ដែលកម្សាន្តនៅទីនោះ អាចងូតទឹកលេង គេងបោះតង់ គយគន់ទេសភាពបែបធម្មជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្តាប់សំឡេងសត្វ ថែមទាំងអាចរៀបចំ អាហារដោយខ្លួនឯង ស្វែងយល់ពីប្រវត្តិសាស្ត្រ និងចំណុចផ្សេងៗទៀតផងដែរ។

គួរបញ្ជាក់ឲ្យដឹងដែរថា ខេត្ដរតនគិរី មានសក្តានុពលផ្នែកអេកូទេសចរណ៍ គ្របដណ្តប់លើ៩ក្រុង ស្រុក។ ខេត្ដរតនគិរី មានតំបន់ទេសចរណ៍ ប្រមាណចំនួន ៣០កន្លែង ក្នុងនោះរួមមាន រមណីយដ្ឋានធម្មជាតិចំនួន ២០កន្លែង រមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន ២កន្លែង និងរមណីយដ្ឋានកែច្នៃចំនួន ០៨កន្លែង។

ខេត្តរតនគីរី គឺជាខេត្តដែលសម្បូរទៅដោយ ភ្នំភ្លើងងាប់ជាច្រើន ដែលបច្ចុប្បន្នក្លាយទៅជាបឹង ដូចជា បឹងយក្សម៉ាយ បឹងយក្សឡោម បឹងលំកុដ បឹងយក្សអោម និង បឹងយក្សក្រា ឬអ្នកស្រុកហៅថាបឹងភ្លោះជាដើម។