កម្ពុជា មានភ្ញៀវទេសចរផ្ទៃក្នុងសរុបជិត ២ លាននាក់ ចេញដើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាឆ្នាំនេះ (១៣ - ១៥ តុលា)


ក្នុងរយៈពេល ៣ថ្ងៃ នាថ្ងៃឈប់សំរាក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរជាតិអន្តរជាតិ បានចេញដើរកម្សាន្ត ទៅតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេស មានប្រមាណជិត ២លាននាក់ នេះបើយោងតាម របាយការណ៍ចេញផ្សាយ ដោយក្រសួងទេសចរណ៍កម្ពុជា។

របាយការណ៍ដដែលនោះ បានបន្តឲ្យដឹងទៀតថា ភ្ញៀវទេសចរក្នុងស្រុកសរុប មានប្រមាណ ១លាន៩២ម៉ឺននាក់ ដែលបានដើរកម្សាន្ត នាឱកាសពិធីបុណ្យភ្ជំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ គឺមាន ភ្ញៀវទេសចរជាតិប្រមាណ ១,៨៩ លាននាក់ កើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ហើយភ្ញៀវទេសចរបរទេស មានប្រមាណ ២,៧ ម៉ឺននាក់ កើនឡើង ៩០,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។

ក្នុងនោះដែរ គោលដៅទេសចរណ៍សំខាន់ៗ រយៈពេល ០៣ថ្ងៃនេះ ដែលមានភ្ញៀវទៅទស្សនាច្រើន ទី១ ខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរទៅទស្សនា ៤៤ម៉ឺននាក់, ទី២ ខេត្តបាត់ដំបង មានប្រមាណ ២១ម៉ឺននាក់, ទី៣ ខេត្តកំពង់ឆ្នាំង មានជិត១៧ម៉ឺននាក់, ទី៤ ខេត្តព្រះសីហនុ មានភ្ញៀវទៅទស្សនាជិត ១៦ម៉ឺននាក់ និង ទី៥ ខេត្តសៀមរាប មានប្រមាណ ១២ម៉ឺន៥០០០នាក់។

ដោយឡែក បើយោងតាមការរាយការណ៍ពី រដ្ឋបាលរាជធានីខេត្ត បានបញ្ជាក់ថា ថ្ងៃឈប់សំរាកបីថ្ងៃនេះ តាមគោលដៅទេសចរណ៍ខេត្តមួយចំនួន បានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរ ឲ្យមកកម្សាន្តខេត្តរបស់ខ្លួន ក្នុងនោះខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍ អុំទូកបណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគុំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួច និងខេត្តកំពង់ឆ្នាំង មានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ជំនឿព្រះពុទ្ធសាសនា ដែលមានការចូលរួមពី ភ្ញៀវទេសចរបរទេសផងដែរ។

គូសសម្គាល់ដែរថាការរៀបចំកម្មវិធីដទៃទៀត នៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដើរកម្សាន្តយ៉ាងច្រើនកុះករ ផងដែរ។