ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែមីនា ឆ្នាំ២០២៤ នាឱកាសបុណ្យទន្លេលើកទី៨ ខេត្តសៀមរាបមានភ្ញៀវទេសចរ មកកម្សាន្តសរុប ៥៥៣ ៧៩៤ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមា នចំនួន ៣៣ ៧៧០ នាក់ និងភ្ញៀវទេសចរជាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តសរុប ៥២០, ០០០ នាក់ នេះបើយោងតាម របាយការណ៍ដែលចុះផ្សាយ ដោយមន្ទីរទេសចរណ៍ខេត្តសៀមរាប។
ជាក់ស្តែង សម្រាប់ថ្ងៃទី១៧ ខែមីនា ពិធីបុណ្យនេះទាក់ទាញ ភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ៩៦ ២៤៣ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស មានចំនួន ១១ ២៤៣ នាក់ និងភ្ញៀវទេសចរជាតិ ៨៥ ០០០ នាក់។
គូសបញ្ជាក់ដែរថា ពិធីបុណ្យទន្លេលើកទី៨ បានទាក់ទាញភ្ញៀវទេសចរ ជាច្រើនមកលេង ខេត្តសៀមរាប ជាមួយនឹងព្រឹត្តិការណ៍កម្សាន្ត និងការតុបតែងក្នុងខេត្តជាច្រើន។ ពិធីបុណ្យនៃពិធីនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែមីនា ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន និងមន្ត្រីជាច្រើនរូបទៀត៕