ភ្នំពេញ៖ បើយោងតាម មន្ត្រីពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា-ចិនបានបន្តកើនឡើង ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៤ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់។
ដូចគ្នានេះដែរ របាយការណ៍ដែលត្រូវបានចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី ១០ ឧសភាកន្លងទៅ បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជាចិន ឈានដល់ ៤,៤៨ ពាន់លានដុល្លារ ក្នុងអំឡុងខែមករាដល់ខែមេសាឆ្នាំនេះ កើនឡើង ១៥,១% ពីតម្លៃ ៣,៨៩ ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
របាយការណ៍ដដែលនេះ ក៏បានឱ្យដឹងថា ប្រទេសចិននៅតែជា ដៃគូពាណិជ្ជកម្មកំពូល របស់កម្ពុជា បន្ទាប់មកគឺវៀតណាម សហរដ្ឋអាមេរិក ថៃ និងជប៉ុន។
កាតាលីករសំខាន់នោះគឺ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលកិច្ចព្រមព្រៀងទាំងពីរ បានចូលជាធរមានតាំងពីឆ្នាំ២០២២ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញកំណើនពាណិជ្ជកម្មនេះ នេះបើយោងតាម ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
ជាក់ស្តែង ឯកឧត្តម ប៉ែន សុវិជាតិ បានឲ្យដឹងថា «ដោយសារការអនុគ្រោះពន្ធ ក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្មទាំងពីរនេះ ផលិតផលរបស់យើង ជាពិសេសកសិផល ដែលមានគុណភាពខ្ពស់ ដូចជាអង្ករ ចេកលឿង ស្វាយ មៀន ដំឡូងមី និងម្រេច មានទីផ្សារខ្ពស់ នៅក្នុងប្រទេសចិន»។
កំណើននេះ គឺដោយសារតែទំនាក់ទំនង ដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រទេសទាំងពីរ និងការរៀបចំព្រឹត្តិការណ៍ ផ្សព្វផ្សាយពាណិជ្ជកម្ម ដូចជាពិព័រណ៍ និងវេទិកាធុរកិច្ចជាដើម។