ក្រុមហ៊ុនកូរ៉េ ដាក់សំណើរចង់នាំយក បច្ចេកវិទ្យាទំនើបរបស់ខ្លួន មកវិនិយោគនៅកម្ពុជា ក្នុងការច្នៃសំរាមប្រមាណ ១០០តោន ទៅជាថាមពលអគ្គិសនី យ៉ាងតិច ២៤មេហ្គាវ៉ាត់ក្នុងមួយថ្ងៃ


ភ្នំពេញ៖ បើតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដែលដឹកនាំដោយ លោកតាបណ្ឌិត កុល ផេង នៅថ្ងៃទី ១៣ឧសភា កន្លងទៅបានឲ្យដឹងថា ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING ចង់យកបច្ចេកវិទ្យាទំនើបរបស់ខ្លួន មកវិនយោគកែច្នៃកាកសំណល់ (សំរាម) នៅកម្ពុជា ដើម្បីផលិតទៅជាថាមពលអគ្គិសនី ខណៈក្រុមហ៊ុនអះអាងថា តាមរយៈគម្រោងនេះ អាចផលិតថាមពលអគ្គិសនី បានយ៉ាងតិចបំផុត ២៤គីឡូវ៉ាត់ ក្នុងមួយថ្ងៃ។

ជាក់ស្តែង ក្នុងជំនួបនោះ តំណាងក្រុមហ៊ុនកូរ៉េមួយនេះ បានបញ្ជាក់ថា ក្រុមហ៊ុនចង់នាំយកបច្ចេកវិទ្យាទំនើបរបស់ខ្លួន ដែលអាចផលិតថាមពលអគ្គិសនីយ៉ាងតិច ២៤មេហ្គាវ៉ាត់ក្នុងមួយថ្ងៃ តាមរយៈការដុតសំរាមប្រមាណ ១០០តោន នៅក្នុងប្រទេសកម្ពុជា។

យ៉ាងណា តាមរយៈគោលបំណង់ ដ៏ជាក់លាក់ខាងលើ ក្រុមហ៊ុន ក៏បានស្នើសុំគោលការណ៍ ណែនាំបន្ថែមពី ឯកឧត្តម ស៊ុន ចាន់ថុល ចំពោះគម្រោងវិនិយោគ របស់ខ្លួននេះផងដែរ។

ក្រោយពីបានស្តាប់ ជាមួយនឹងសំណើ និងការពន្យល់ជាក់លាក់ពីគម្រោងខាងលើ ជាការឆ្លើយតបឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រ និងស្វាគមន៍ចំពោះ គម្រោងវិនិយោគខាងលើនេះ យ៉ាងពេញទំហឹង ខណៈឯកឧត្តមក៏បានស្នើ ឱ្យភាគីក្រុមហ៊ុនផ្ញើបន្ថែមនូវ ព័ត៌មានលម្អិតទាំងស្រុងនៃគម្រោង មកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរាជរដ្ឋាភិបាល សម្របសម្រួល និងអនុវត្តនីតិវិធីបន្តទៅទៀត ដើម្បីអាចដំណើរការទៅបាន។