ដើមឈើប្រមាណ ១ ម៉ឺនដើម គ្រោងនឹងដាំតាមដងផ្លូវ ក្នុងក្រុងសៀមរាប ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដើម្បីជម្រុញរចនាសម្ព័ន្ធបៃតង និងចូលរួមកាត់បន្ថយ បញ្ហាបម្រែបម្រួលអាកាសធាតុ!


សៀមរាប៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា អាជ្ញាធរខេត្តសៀមរាប បានប្រកាសថា ខ្លួននឹងដាំដើមឈើនៅតាមដងផ្លូវ ក្នុងក្រុងសៀមរាបខ្ទង់ មួយម៉ឺនដើម ក្នុងរយៈពេលពីរឆ្នាំខាងមុខ ក្រោមការសហការជាមួយនឹង ភាគីពាក់ព័ន្ធ ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ជាក់ស្តែង កាលពីថ្ងៃ ២៩ មិថុនាកន្លងទៅ អភិបាលរងខេត្តសៀមរាប់ លោក យុន លីនណេ បានចូលរួមក្នុងពិធី ដាំដើមឈើប្រភេទឈើលឿងរាជ ចំនួន២២២ដើម ក្នុងគម្រោងធី-ដើមឈើសម្រាប់ជីវិត (Project T-Trees For Life) របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា នៅក្នុងភូមិសាស្ត្រភូមិស្លក្រាម សង្កាត់ ស្លក្រាម ក្រុងសៀមរាប។

ក្នុងឱកាសនោះដែរ លោកបានថ្លែងឲ្យដឹងថា អាជ្ញាធរខេត្តនឹងសហការជាមួយនឹង ភាគីពាក់ព័ន្ធដើម្បីដាំដើមឈើ នៅតាមដងផ្លូវក្នុងក្រុងសៀមរាប ឱ្យបានមួយម៉ឺនដើម ក្នុងរយៈពេលពីរឆ្នាំខាងមុខ ព្រោះដើមឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយថែរក្សា ដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ និងជួយកាត់បន្ថយឥទ្ធិពល ការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិក ពីបរិយាកាសជាដើម។

បន្ថែមពីនេះ លោកអភិបាលរង ក៏បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សា ចំពោះកូនឈើបានដាំរួច នៅពេលនេះ ដើម្បីឱ្យកូនឈើទាំងនោះលូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ។

លោកបាននិយាយថា៖ «ការដាំដើមឈើក្នុងក្រុង គឺជាចលនាបំផុសស្មារតីពលរដ្ឋ មន្ដ្រីរាជការ សិស្ស និងកងកម្លាំងប្រដាប់អាវុធយើង ស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ ដល់ពលរដ្ឋយើងក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយ បរិស្ថានសង្គមផងដែរ»។

គួរឲ្យដឹងដែរថា អង្គការជឿជាក់លើ សិស្សជនបទកម្ពុជា សហការជាមួយនឹង រដ្ឋបាលខេត្តសៀមរាប បាននាំគ្នាចូលរួមដាំ ដើមឈើលឿងរាជ២២២ដើម ចាប់ពីផ្លូវក្រោយវត្តពោធិ៍លង្ការ រហូតដល់ផ្លូវ៦០ម៉ែត្រស្ថិតក្នុងសង្កាត់ស្លរក្រាមក្រុងសៀមរាប ដែលកម្មវិធីនេះស្ថិតក្នុងគម្រោង-ធីដើមឈើសម្រាប់ជីវិត របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ក្រោមគោលបំណងដើម្បីបង្កើនសម្រស់ និងលើកកម្ពស់សោភ័ណភាព ក្នុងក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងបៃតង។

ស្របគ្នានេះដែរ កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រាជធានីខេត្តទាំងអស់ បង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់ ជាពិសេសនៅតាមតំបន់ការដ្ឋាន ដែលត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ ផងដែរ។