កម្មវិធីទូទាត់ “បាគងទេសចរ” ត្រូវបានដាក់ដំណើរការបឋម សម្រាប់ផ្តល់ភាពងាយស្រួល់ ដល់ភ្ញៀវទេសចរបរទេស ក្នុងការទូទាត់ចំណាយផ្សេងៗ ពេលមកដល់កម្ពុជា!


ភ្នំពេញ៖ ថ្មីៗនេះ កម្មវិធីទូទាត់ Bakong Tourist App ត្រូវបាន ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការ ក្នុងដំណាក់កាលដំបូង ដើម្បីជម្រុញឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ។

គួរឲ្យដឹងដែរថា កម្មវិធី Bakong Tourist App ត្រូវបានដាក់ឱ្យដំណើរការ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នេះ ដើម្បីឱ្យភ្ញៀវទេសចរ មានការចាយវាយ កាន់តែងាយស្រួល មិនស្មុគស្មាញ ដោយគ្រាន់តែពួកគេទាញនិងតម្លើង កម្មវិធីខាងលើដាក់ក្នុងទូរសព្ទ និងបញ្ចូលសាច់ប្រាក់ចូលទៅក្នុងនោះ រួចពួកគេអាចទូទាត់ការចំណាយផ្សេងៗ ដោយប្រព័ន្ធ QR យ៉ាងទូលំទូលាយតែម្តង។

ក្នុងនោះដែរ អភិបាលរងខេត្តសៀមរាប ឯកឧត្តម ង៉ូវ សេងកាក់ យល់ថា ការដាក់ដំណើរការ Bakong Tourist App គឺដើម្បីលើកកម្ពស់ សេវាទូទាត់ឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រ វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួល ដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្ត នៅប្រទេសកម្ពុជា។

កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App» ជាកម្មវិធីមួយដែលដូចនឹងកម្មវិធីបាគង ដែលបាននឹងកំពុងប្រើប្រាស់រាល់ថ្ងៃ តែចំពោះកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourlst App» នឹងផ្ដល់លទ្ធភាពឲ្យទេសចរអាចប្រើប្រាស់ និងមានបទពិសោធន៍ថ្មី នៅពេលដែលពួកគាត់ ចូលមកដល់ប្រទេសកម្ពុជា និងសម្រួលដល់ ការចាយវាយ ក្រដាស់ប្រាក់សុទ្ធ។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី បានថ្លែងថា ការដាក់ឱ្យដំណើរការ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» មានគោលបំណងលើកកម្ពស់ សេវាទូទាត់នៅកម្ពុជា ឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រ វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួល ដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្ត នៅប្រទេសកម្ពុជា។

ភ្ញៀវទេសចរអន្តរជាតិដែល មកកម្សាន្តនៅក្នុងប្រទេសកម្ពុជា អាចធ្វើការទាញយក កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist App) និងចុះឈ្មោះប្រើប្រាស់តាមវិធីងាយៗ ហើយបន្ទាប់មកអាចបញ្ចូលទឹកប្រាក់ ក្នុងគណនីបាគងជាការស្រេច ចំពោះជំហានបន្ទាប់ កម្មវិធីបាគងទេសចរ អាចភ្ជាប់ជាមួយប័ណ្ណទូទាត់អន្តរជាតិ ដែលពួកគាត់មាន ដូចជា វីសា ដើម្បីដាក់ប្រាក់ក្នុងគណនីបាន។

កម្មវិធីនេះ នឹងកាត់បន្ថយបញ្ហាលំបាក ដល់ភ្ញៀវទេសចរ ក្នុងការប្រើប្រាស់សាច់ប្រាក់ ដោយគ្រាន់តែធ្វើការស្កេនទូទាត់ នៅតាមហាងទំនិញប្រមាណ ៣,៣លានទីតាំង ដែលមានសញ្ញា KHQR code។

ប្រភពពី ធនាគារជាតិនៃកម្ពុជា