រថយន្តក្រុងជិត ៥០០ គ្រឿង ត្រៀមសម្រាប់ដឹកប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ៥ ថ្ងៃ (៣០កញ្ញា - ៤តុលា) ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ!


ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី ១៦ កញ្ញា ម្សិលមិញនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ៤៩៧ គ្រឿង ដើម្បីដឹកពលរដ្ឋ ទៅតាមបណ្ដាខេត្តផ្សេងៗ រយៈពេលប្រាំថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ដោយមិនគិតថ្លៃ។

គួរឲ្យដឹងដែរថា ឆ្នាំនេះព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ប្រព្រឹត្តឡើងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែតុលា ដើម្បីឧទិ្ទសកុសល ចំពោះប្រេតបុគ្គល ញាតិការរបស់ខ្លួន បុព្វការីជន និងសុំសេចក្តីសុខចម្រើន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងបង្កើតសាមគ្គីភាពរបស់ជាតិ ផងដែរ។

សម្តេចធិបតី បានគូសបញ្ជាក់ក្នុងឱកាសនោះផងថា សេវាដឹកជញ្ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋចេញពី ភ្នំពេញទៅតាមបណ្ដាខេត្ត ហើយចេញពីបណ្ដាខេត្ត មកភ្នំពេញវិញ គឺមិនមានបង់ប្រាក់ឡើយ។

សម្តេចធិបតី បានមានប្រសាស៍បន្ថែមថា៖ «ឆ្នាំនេះ [រដ្ឋបាលរាជធានីភ្នំពេញ] ក៏ត្រៀមរថយន្ត ៥៦គ្រឿង សម្រាប់ដឹកពលរដ្ឋ ទៅកម្សាន្តខេត្ដទិសឦសាន ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ពេលបុណ្យភ្ជុំបិណ្ឌដោយឥតគិតថ្លៃ ផងដែរ។ ពលរដ្ឋអាចទៅលេង រមណីយដ្ឋានទឹកជ្រោះប៊ូស្រា និងរមណីយដ្ឋានបឹងយក្សឡោមជាដើម»។

ការរៀបចំរថយន្តក្រុងសាធារណៈ ដឹកប្រជាពលរដ្ឋទៅស្រុកកំណើត ដែលកើតចេញពីសំណាក់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ជាការជួយកាត់បន្ថយ ការចំណាយរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនី ដែលយក គម្រូតាមអតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ដែលតែងតែ រៀបចំរថយន្តក្រុងដឹកពលរដ្ឋ ទៅបណ្ដាខេត្តនានា រាល់ពេលរដូវបុណ្យទានសំខាន់ម្ដងៗ ដូចជារដូវភ្ជុំបិណ្ឌ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងព្រឹត្តិការណ៍បោះឆ្នោតជាដើម។

 

ប្រភពពី ហ្វេសបុកផេក សម្តេចធិបតី នាយករដ្ឋមន្ត្រី