សៀមរាប៖ បើយោងតាមព័ត៌មានដែលទទួលបានពី រដ្ឋបាលខេត្តសៀមរាប ដែលបានប្រកាសកាលពីថ្ងៃអាទិត្យទី ៦ តុលាកន្លងទៅនេះ បានឲ្យដឹងថា យុទ្ធនាការញញឹមនៃកម្ពុជាលើកទី២ នឹងត្រូវរៀបចំឡើងនៅចុងខែនេះ នៅខេត្តសៀមរាប ដែលត្រូវនឹងថ្ងៃខួបលើកទី២០ នៃព្រះរាជពិធីគ្រង ព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ប្រភពដដែលបានឲ្យដឹងទៀតថា យុទ្ធនាការលើកទី២ នៃស្នាមញញឹមកម្ពុជា នឹងប្រព្រឹតទៅនាថ្ងៃទី ២៩-៣០ ខែតុលា ឆ្នាំ២០២៤ នៅច្រកចូលប្រាសាទអង្គរវត្ត បន្ទាប់ពីភាពជោគជ័យ នៃព្រឹត្តិការណ៍លើកដំបូង ដែលត្រូវបានធ្វើឡើង នៅក្នុងខែសីហាកន្លងទៅ។
គូសសម្គាល់ដែរថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌របស់កម្ពុជា ទៅកាន់ពិភពលោក បន្ថែមពីលើការជម្រុញទេសចរណ៍ក្នុងខេត្តសៀមរាប។
យ៉ាងណា ក្នុងចំណោមសកម្មភាព ដែលគ្រោងធ្វើក្នុងឱកាសលើកទី២ នេះមានដូចជា ការតាំងពិព័រណ៍សិល្បៈ ស្តង់អាហារ និងការចូលរួម របស់សិល្បករក្នុងស្រុក ជាដើម។ យុទ្ធនាការនេះ ក៏នឹងបង្ហាញពីក្បួនដង្ហែ ព្រះមហាក្សត្រនាសម័យអាណាចក្រខ្មែរ និងការសម្តែងនូវ របាំបុរាណនៅមុខប្រាង្គប្រាសាទអង្គរវត្ត ទៀតផង។
ដោយឡែក សម្រាប់ថ្ងៃទីពីរនឹងរៀបចំ សកម្មភាពជាច្រើនដូចជា ការតាំងពិពណ៌ម្ហូបអាហារ និងស្នាដៃសិល្បៈ វប្បធម៌ ការបង្កើតមុខម្ហូប ការសំដែងសិល្បៈប្រពៃណីខ្មែរ ការជួបជុំសិល្បករ និងការប្រកួតទីងម៉ោង។
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប