សៀមរាប៖ យោងតាមព័ត៌មាន ដែលទទួលបានពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ៧ វិច្ឆិកានេះ បានឲ្យដឹងថា ខ្លោងទ្វារខាងជើង ផ្នែកខាងកើត របស់ប្រាសាទប្រែរូប ដំណាក់កាលទី២ សម្រេចការជួសជុល បានប្រមាណ ៩០% ហើយ ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា។ ការងារជួសជុលនេះ ដំណើរការតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ នឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៤ នេះ។
បុរាណវិទូ និងអ្នកគ្រប់គ្រងការដ្ឋាន ជួសជុលប្រាសាទប្រែរូប លោក សូរ ប៉ោត បានឱ្យដឹងថា ស្ថានភាពនៃខ្លោងទ្វារខាងជើងផ្នែកខាងកើត របស់ប្រាសាទប្រែរូប បានខូចខាត និងមានហានិភ័យដល់សំណង់ ព្រមទាំងភ្ញៀវទេសចរ មិនអាចដើរឆ្លងកាត់បានឡើយ។ ដើម្បីសង្គ្រោះខ្លោងទ្វារនេះ ឱ្យរឹងមាំឡើងវិញ ក្រុមការងារជួសជុលពង្រឹង ផ្នែកខាងក្នុងនៃស្លាបខាងជើង ផ្នែកខាងក្រៅផ្នែកខាងលិច និងផ្នែកខាងកើត ព្រមទាំងជួសជុលពង្រឹង រចនាសម្ពន្ធឥដ្ឋ ដែលខូចខាតធ្ងន់ធ្ងរ គ្មានស្ថិរភាពនៅផ្នែកខាងលើ នៃតួខ្លោងទ្វារ បិទបំពេញស្នាមប្រេះហែក ការពារជម្រាបទឹក និងបន្ថែមរចនាសម្ពន្ធមួយចំនួន សម្រាប់ភាពរឹងមាំ យូអង្វែងដល់រចនាសម្ពន្ធខ្លោងទ្វារ ទាំងមូល។
អ្នកគ្រប់គ្រងការដ្ឋានរូបនេះ បានបញ្ជាក់ថា ការងារជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទប្រែរូប ផ្នែកខាងជើង គឺបញ្ចប់រួចរាល់ហើយ ដោយរចនាសម្ព័ន្ធ នៃសំណង់ខ្លោងទ្វារទាំងមូល នឹងមានភាពរឹងមាំឡើងវិញ មានសុវត្ថិភាពទាំងខ្លោងទ្វារ ហើយភ្ញៀវទេសចរ ក៏អាចដើរចេញចូលទស្សនា តាមខ្លោងទ្វារខាងកើតដ៏សំខាន់នេះ ដោយសុវត្ថិភាព។
លោកក៏បានរម្លឹកថា ការខូចខាតនៃ រចនាសម្ព័ន្ធប្រាសាទប្រែរូប បណ្តាលមកពីកង្វះ ការថែទាំយូរអង្វែង មានដើមឈើនិងស្មៅដុះចាក់ឬស កំណកដី និងបណ្ដាលពីអាយុកាល នៃសម្ភារៈសំណង់ អាកាសធាតុ ពិសេសទឹកភ្លៀងហូរជ្រាប ចូលក្នុងប្រាសាទ ដែលធ្វើឱ្យរចនាសម្ពន្ធចុះខ្សោយ ថ្មប្រាសាទងាយ នឹងពុកផុយ។
គួរឲ្យដឹងដែរថា កន្លងមក នៅប្រាសាទប្រែរូបក៏ធ្លាប់មាន ការជួសជុលនៅសម័យបារាំង និងក្រោយមកទៀត មានប្រទេសអ៊ីតាលីផងដែរ។
ប្រភព៖ អាជ្ញាធរជាតិអប្សរា