សៀមរាប៖ យោងតាមព័ត៌មាន ដែលទទួលបានពី អាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី ៧ វិច្ឆិកានេះ បានឲ្យដឹងថា ទោះបីស្ថានភាពទឹកភ្លៀងឆ្នាំនេះ មានការអូសបន្លាយ និងមិនទៀងទាត់ យ៉ាងណាក៏ដោយ ប៉ុន្តែអាជ្ញាធរជាតិអប្សរា បានរៀបចំប្រមែប្រមូលទឹក ពេញអាងស្ដុកទឹកទាំងអស់ ដែលមានក្នុង តំបន់រមណីយដ្ឋានអង្គរ ដោយទឹកភ្លៀងជាង ៦០លានម៉ែត្រត្រីគុណ ឬម៉ែត្រគីប ត្រូវបានប្រមូលទុក នារដូវវស្សាឆ្នាំនេះ។
ជាក់ស្តែងក្នុងនោះដែរ លោក ភឿន សុឃីម ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គិតមកដល់ខែវិច្ឆិកា ការប្រមូលទឹក ចូលអាងស្ដុកទឹកសំខាន់ៗនៅតំបន់រមណីយដ្ឋានអង្គរ គឺសម្រេចបាន ១០០% ក្នុងនោះរាប់ទាំងបារាយណ៍តូចធំ កសិន្ធុទឹក អូរ និងប្រឡាយជាដើម។
ទឹកដែលប្រមូលបានទាំងនេះ មានបរិមាណជាង ៦០លានម៉ែត្រត្រីគុណ ដែលត្រៀមសម្រាប់ការប្រើប្រាស់ នារដូវប្រាំងខាងមុខ ក្នុងនោះរាប់ទាំង ការងារអភិរក្សប្រាសាទ បរិស្ថាន និងវិស័យកសិកម្ម សម្រាប់ប្រជាពលរដ្ឋនៅតំបន់ជុំវិញ ប្រមាណ៧ពាន់ហិកតា។ អ្នកជំនាញបញ្ជាក់ថា បរិមាណនេះ គឺមានចំនួនប្រហាក់ប្រហែលនឹង ឆ្នាំទៅមិញដែរ ដោយមិនបារម្ភពីកង្វះខាតទឹក នៅតំបន់ឡើយ។
បើតាមការបញ្ជាក់ពីលោកប្រធាននាយកដ្ឋាន ការងារគ្រប់គ្រងទឹក នៅតំបន់រមណីយដ្ឋានអង្គរ កាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំ និងស្ដារប្រព័ន្ធទឹកបុរាណ ក្នុងតំបន់រមណីយដ្ឋានអង្គរឡើងវិញចាប់ពីឆ្នាំ ២០១២មក។
ជាងនេះទៅទៀត ក្រោមការគិតគូរដ៏វែងឆ្ងាយ និងភាពឈ្លាសវៃ ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដោយយល់ពីសារៈសំខាន់ នៃការងារគ្រប់គ្រងទឹក ដែលធ្វើឱ្យប្រព័ន្ធគ្រប់គ្រងទឹក ក្នុងតំបន់កាន់តែមានភាពជឿនលឿន និងមានប្រសិទ្ធភាពខ្ពស់។ តួយ៉ាង នាឆ្នាំ២០២៤នេះ សំណង់ទ្វារទឹកមួយចំនួន ត្រូវបានស្ដារ និងជួសជុលឡើងវិញ ជាបន្តបន្ទាប់ ក្នុងបំណងដើម្បីធានាថា ការងារគ្រប់គ្រងទឹក នឹងមានវិសាលភាព កាន់តែទូលំទូលាយ និងពេញលេញ ដើម្បីបំពេញតម្រូវការ ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ចំពោះការប្រើប្រាស់ទឹកវិញ លោក ភឿន សុឃីម បញ្ជាក់ថា ទឹកមានសារៈសំខាន់ នៅតំបន់ប្រាសាទ ដោយសារបុព្វបុរស សម័យមុនបានរៀបចំ និងកសាងប្រាសាទ ដោយមានគ្រឹះដីខ្សាច់ ដូច្នេះទើបកសាងកសិន្ធុជុំវិញដើម្បីបញ្ចូលទឹកឱ្យគ្រឹះរឹងមាំល្អ។ ប្រសិនគ្មានទឹក ប្រាសាទនឹងរងការដួលរលំ និងបាក់បែកខ្លាំង។ ក្រៅពីនេះ ទឹកក៏ជាបង្កើនសម្រស់ និងសោភ័ណភាព នៅតំបន់ប្រាសាទផង។ ទឹកក៏ជួយឱ្យដើមឈើលូតលាស់បានល្អ ទាក់ទាញភ្ញៀវទេសចរ និងជួយកាត់បន្ថយ ការកើនឡើងនៃរលកកម្ដៅខ្លាំង នារដូវប្រាំង ទៀតផង។
ប្រភព៖ អាជ្ញាធរជាតិអប្សរា