ថ្វីត្បិតឡាវ ជាប្រទេសគ្មានច្រកសមុទ្រ ប៉ុន្តែត្រូវគេមើលឃើញថា ជាមជ្ឈមណ្ឌលដឹកជញ្ជូន សំខាន់បំផុតមួយ សម្រាប់ប្រទេសចិន ដើម្បីតភ្ជាប់ការដឹកជញ្ជូនទំនិញ តាមផ្លូវគោក មកកាន់ប្រទេសផ្សេងទៀត នៅតំបន់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសកម្ពុជា ថៃ និងវៀតណាម ជាដើម។ ជាក់ស្ដែង ចិនបានសហការជាមួយ ប្រទេសឡាវ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ដូចជា ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៥,៩ ពាន់លានដុល្លារ បើកប្រើប្រាស់កាលពីឆ្នាំ២០២១ ផ្លូវថ្នល់ជាង ៤០០ គីឡូម៉ែត្រ ការអភិវឌ្ឍន៍ផែស្ងួត Thanaleng មានតម្លៃជាង ១០ លានដុល្លារ និងអាកាសយានដ្ឋាន Bokeo International Airport បើកដំណើរការ កាលពីខែកុម្ភៈ ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ឈាង ដែលបានធ្វើដំណើរទស្សនកិច្ច មកកាន់ប្រទេសឡាវ បានលើកឡើងពីគោលបំណង ចង់ប្រែក្លាយប្រទេសឡាវ ពីប្រទេស Landlocked (គ្មានច្រកសមុទ្រ) ទៅជាប្រទេស Land-Linked (តភ្ជាប់បណ្ដាញតាមផ្លូវគោក) ដោយសារឡាវ ស្ថិតនៅតំបន់យុទ្ធសាស្ត្រមួយ នៅអាស៊ីអាគ្នេយ៍ មានព្រំដែនជាប់ប្រទេសចិន ថៃ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា អាចពង្រឹងការធ្វើពាណិជ្ជកម្ម តាមផ្លូវគោក នាំចេញនាំចូល និងការវិនិយោគលើភស្ដុភារកម្ម សម្រាប់ប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ។
ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច ASEAN+3 Macroeconomic Research Office (AMRO) នៅប្រទេសសិង្ហបុរី មើលឃើញថា ឡាវជាប្រទេសកំពុងអភិវឌ្ឍ និងមានប្រជាជនត្រឹមតែ ៧ លាននាក់ប៉ុណ្ណោះ ប៉ុន្តែគឺជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលមានផ្លូវដែកតភ្ជាប់ ពីរដ្ឋធានីវៀងច័ន្ទន៍ ទៅកាន់ប្រទេសចិន។ ប្រការនេះ សបញ្ជាក់ថា ដំណើរការតភ្ជាប់ផ្លូវដែក របស់ចិននៅអាស៊ីអាគ្នេយ៍ នឹងត្រូវពង្រាយបន្ថែម នៅពេលខាងមុខ ជាក់ស្ដែង ផ្លូវដែករវាងទីក្រុងវៀងច័ន្ទន៍ និងទីក្រុងបាងកក ទើបបើកដំណើរការ កាលពីខែកញ្ញា ឆ្នាំ២០២៤ បានបើកឱកាសដល់ ការធ្វើដំណើរផ្ទាល់ពីប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ មកឈូងសមុទ្រថៃ កាន់តែងាយស្រួល។ នាពេលអនាគត ប្រទេសចិន អាចនឹងប្រើប្រាស់ផ្លូវដែក តភ្ជាប់មកកាន់ប្រទេសកម្ពុជា ដើម្បីដឹកជញ្ជូនទំនិញ និងមនុស្សផងដែរ ខណៈវិនិយោគិនចិន ពឹងផ្អែកសំខាន់ លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា និងឡាវ។
ប្រទេសអាស៊ីអាគ្នេយ៍ទាំង ១០ ប្រទេសមានប្រជាជនសរុប ៦៧៣ លាននាក់ ជាតំបន់មានកំណើនសេដ្ឋកិច្ច ខ្ពស់បំផុតនៅលើពិភពលោក និងជាបណ្ដុំប្រទេសសម្រាប់ ឧស្សាហកម្ម ផលិតកម្ម និងកសិកម្ម។ ពាណិជ្ជកម្មពហុភាគី រវាងប្រទេសនៅអាស៊ាន និងប្រទេសចិន បានកើនឡើងដល់ ៩៩១,៧ ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ខណៈទុនវិនិយោគចិន មកកាន់អាស៊ាន មានដល់ ២៥,១២ ពាន់លានដុល្លារ កើនឡើងប្រមាណ ៣៤% បើធៀបទៅនឹងឆ្នាំ២០២២។
សេដ្ឋវិទូ Poh Lynn Ng នៃវិទ្យាស្ថាន AMRO មើលឃើញថា ចិនបានវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម-ផលិតកម្ម ជាច្រើននៅអាស៊ីអាគ្នេយ៍ ដោយមួយផ្នែកគឺដើម្បីរួចពន្ធ នាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិច និងមួយផ្នែកទៀត ដើម្បីតភ្ជាប់ យុទ្ធសាស្ត្រពាណិជ្ជកម្ម។ ជាឧទាហរណ៍ ប្រទេសឡាវ សម្បូរធនធានធម្មជាតិ និងមិនទាន់អភិវឌ្ឍនៅឡើយ ជាឱកាសសម្រាប់វិនិយោគិនចិន បណ្ដាក់ទុនលើវិស័យកសិកម្ម ថាមពល ឧស្សាហកម្ម និងទេសចរណ៍ ដូចអ្វីដែលយើងបានឃើញ ការសាងសង់ទំនប់វារីអគ្គិសនី តាមបណ្ដោយទន្លេមេគង្គ ការតភ្ជាប់ផ្លូវដែកពីប្រទេសចិន ការវិនិយោគចំការទុរេន ២៧០ ០០០ ដើម ដែលរំពឹងនឹងត្រូវប្រមូលផលជាង ១៥៥ លានដុល្លារ នៅឆ្នាំ២០២៩ ជាដើម។
ប្រភព៖ Bangkok Post