ការរៀបចំទីក្រុងរស់នៅ កើតមានឡើងមុនអ្វីដែល យើងធ្លាប់បានដឹងកន្លងមក ព្រោះអ្នកវិទ្យាសាស្ត្រ និងបុរាណវិទូ បានធ្វើកំណាយរកឃើញ ទីក្រុងបុរាណមួយកន្លែង មានឈ្មោះថា Al-Natah ស្ថិតនៅភាគពាយ័ព្យ ក្បែរសមុទ្រក្រហម នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដែលបង្ហាញពីការអភិវឌ្ឍន៍ទីក្រុង នៅក្នុងយុគសម័យលោហៈសំរឹទ្ធ (Bronze Age) ដែលកប់ក្រោមថ្មបាសាល់ អស់រយៈពេលរាប់ពាន់ឆ្នាំ ហើយទីក្រុងបុរាណនេះ បានបង្ហាញពីបំលាស់ ទីលំនៅរបស់មនុស្សសម័យបុរាណ ដែលធ្លាប់តែដើរពនេចរ មកប្រមូលផ្ដុំ រស់នៅជាទីក្រុងដំបូង ក្នុងយុគសម័យនោះ។
បុរាណវិទូ ជនជាតិបារាំង ឈ្មោះ Guillaume Charloux និងក្រុមការងារ បានរកឃើញនូវសំណង់ ទីក្រុងមានទំហំ ២,៦ ហិកតា ដែលមានរបងព័ន្ធជុំវិញ មានប្រវែង ១៤,៥ គីឡូម៉ែត្រ កម្ពស់ ៥ ម៉ែត្រ និងកម្រាស់ ២ ម៉ែត្រ ជាភស្ដុតាងពីការធ្វើកំពែងការពារទីក្រុង និងលំនៅដ្ឋានរបស់គេ ដែលមានប្រមាណ ៥០ ខ្នង និងអាចមានមនុស្សរស់នៅ ប្រមាណ ៥០០ នាក់។ ស្ថិតនៅជុំវិញតំបន់វាលខ្សាច់ ទីក្រុងនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រស្កេន digital imaging និងសិក្សាសំណង់ ថាអាចមានអាយុកាលចន្លោះឆ្នាំ ២៤០០ មកដល់ឆ្នាំ ១៣០០ មុនគ្រិស្ដរាជ និងបានបង្ហាញពីស្ថាបត្យកម្មបុរាណ នៃការរៀបចំទីក្រុង ដែលមានផ្លូវពាណិជ្ជកម្ម ជាប្រព័ន្ធតភ្ជាប់ មកកាន់តំបន់ប្រជុំជន Tayma, Qurayya, Al Bad និង Dedan (ជាទីក្រុងបុរាណអំឡុង ៥០០ ឆ្នាំមុនគ្រិស្ដរាជ) បូករួមទាំង មានតំបន់រស់នៅ និងបែងចែកតំបន់កន្លែងបញ្ចុះសព រកឃើញដំបូង នៅពាក់កណ្ដាលយុគលោហៈ។
ការរកឃើញតំបន់នេះ មានភាពស្រដៀងទៅនឹងសំណង់ផ្ទះ ដែលគេបានឃើញមាន នៅអារិយធម៌អេស៊ីប និងអារិយធម៌ Mesopotamia ទាំងការរៀបចំតំបន់រស់នៅ ផ្លូវពាណិជ្ជកម្ម ប្រពៃណីបញ្ចុះសព និងការធ្វើកំពែងទីក្រុងជាដើម គ្រាន់តែមានទំហំតូចជាង ហើយក៏ស្រដៀងទៅនឹង សំណង់នៃទីក្រុងបុរាណ Al-Faw ដែលដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក សំណង់ទីក្រុងបុរាណ របស់មនុស្សជាតិ ដោយអង្គការ UNESCO ផងដែរ។
ផ្ទុយទៅវិញ នេះគឺជាអរិយធម៌ទំនើប ប្លែកទាំងស្រុងពីតំបន់ផ្សេងទៀត ជុំវិញពិភពលោក ព្រោះអំឡុងពេលយុគសម័យលោហៈ មនុស្សជាតិត្រឹមតែ ចេះប្រើប្រាស់លោហៈធាតុ ជាសម្ភារៈប្រើប្រាស់ ចិញ្ចឹមសត្វ និងត្រាច់ចរតាមរបៀបកុលសម្ព័ន្ធ ប៉ុណ្ណោះ។ យ៉ាងណាមិញ ការធ្វើនគរូបនីយកម្មទីក្រុង ពេលនោះ មានត្រឹមតែផ្លូវធ្វើដំណើរ មកកាន់ទីក្រុង និងវាលខ្សាច់ប៉ុណ្ណោះ ដែលអាចជាការធ្វើផ្លូវ ទៅកាន់តំបន់ប្រភពទឹក និងស្វែងរកចំណីអាហារ ប៉ុន្តែមិនមានការអភិវឌ្ឍកសិកម្ម នៅឡើយទេ។
ប្រភព៖ The Economic Times