គិតមកត្រឹមខែតុលាឆ្នាំនេះ កម្ពុជា មានរោងចក្រចំនួន ១ ២៧៣ ដែលត្រូវបានវិនិយោគដោយចិន ក្នុងទំហំទឹកប្រាក់សរុបខ្ទង់ ៩ពាន់លានដុល្លារ!


ភ្នំពេញ៖ ក្នុងជំនួបរវាង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី និង លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃ ៥វិច្ឆិកា កន្លងទៅនេះ បានឲ្យដឹងថា វិនិយោគិនចិន បានវិនិយោគទឹកប្រាក់ប្រមាណ ៩,០៨ ពាន់លានដុល្លារអាមេរិក ក្នុងការបង្កើតរោងចក្រចំនួន ១ ២៧៣ រោងចក្រ នៅកម្ពុជា ដែលស្មើនឹង ៤៥,៤៩% នៃទុនវិនិយោគសរុបរបស់ប្រទេស។

ឯ. ហែម វណ្ណឌី បានមានប្រសាសន៍ថា កម្ពុជា និងចិន មានទំនាក់ទំនងមិត្តភាពយូរអង្វែង ហើយកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា គឺជាសសរស្តម្ភសំខាន់នៃ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” រវាងប្រទេសទាំងពីរ។

ឯកឧត្តមក៏បានបន្ថែមថា ប្រទេសចិនគឺជាអ្នកវិនិយោគបរទេសកំពូល របស់កម្ពុជា ក្នុងវិស័យកម្មន្តសាល ដែលជាវិស័យមួយ ដែលនឹងបន្តនាំមុខកំណើនរបស់កម្ពុជា ទៅថ្ងៃអនាគត ផងដែរ។

គូសបញ្ជាក់ថា ខណៈដែលកម្ពុជាកំពុងត្រៀម ចាកចេញពីចំណាត់ថ្នាក់ ប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ កម្ពុជាបន្តពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ជាពិសេសក្នុងការបង្កើន សមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញលក្ខខណ្ឌ តម្រូវឲ្យបានកាន់តែខ្ពស់ របស់ទីផ្សារ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកម្ពុជា ក៏បានស្នើឱ្យមាន ការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗដូចជា ស្តង់ដារនីយកម្ម មាត្រាសាស្ត្រ សេវាមន្ទីរពិសោធន៍ និងសេវាផ្គត់ផ្គង់ទឹកស្អាត ផងដែរ។

ដោយឡែក លោកឯកអគ្គរដ្ឋទូតចិននៅកម្ពុជា ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបានអញ្ជើញកម្ពុជា ឱ្យចូលរួមក្នុងព្រឹត្តិការណ៍ នាពេលខាងមុខដែលរៀបចំដោយប្រទេសចិន រួមទាំងកិច្ចប្រជុំ ច្រករបៀងនវានុវត្តន៍មេគង្គ-ឡានឆាង និងសន្និសីទបញ្ញាសប្បនិម្មិត នៅឆ្នាំ២០២៥។

លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា “យើងរំពឹងថានៅពេលអនាគត ព្រឹត្តិការណ៍សំខាន់ថ្មីៗនៃកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា នឹងមានកាន់តែច្រើន ហើយចំណងមិត្តភាព រវាងប្រទេសទាំងពីរ នឹងបន្តដើរតួនាទីសំខាន់ សម្រាប់ទំនាក់ទំនងអន្តរជាតិ”។

 

ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍