គម្រោងស្ពានខ្ពស់ជាងគេនៅកម្ពុជា (កម្ពស់ ៩០ម៉ែត្រ) ស្ថិតនៅក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចការសាងសង់បាន ៧៩% និងត្រៀមដាក់ដំណើរការសាកល្បង មុនពេលបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៥!


ពោធិ៍សាត់៖ ស្ពានខ្ពស់ជាងគេ នៅកម្ពុជា ត្រូវបានគេស្គាល់ថាជា ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលស្ពាននេះមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ បច្ចុប្បន្នសម្រេចវឌ្ឍនភាព នៃការសាងសង់បាន ៧៩%ហើយ នឹងត្រៀមដាក់ឱ្យប្រើប្រាស់សាកល្បង នៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

គួរឲ្យដឹងដែរថា ស្ពានខ្ពស់ជាងគេនេះ មានចំណុចកណ្តាលស្ពាន ស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់តាមជ្រលង ស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ។ សំណង់ផ្នែកខាងលើ មានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទ ធ្នឹមប្រអប់ខ្សែកាបទាញ មាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ។

ចំណែកឯសំណង់ផ្នែកខាងក្រោម មានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេទគ្រឹះខួង ព្រមទាំងធ្នឹមទទឹង ប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទគ្រឹះខួង។

ក្រោយសាងសង់រួចរាល់ ស្ពានដ៏ខ្ពស់ជាងគេនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ សម្រួលដល់ការដឹកជញ្ជូននានា និងជម្រុញដល់សក្តានុពលពាណិជ្ជកម្ម និងទេសចរណ៍ជាតិផងដែរ។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន