ក្រុមហ៊ុន Apple ស្នើសុំការវិនិយោគជិត ១០ លានដុល្លារ នៅឥណ្ឌូនេស៊ី ដើម្បីបង្កើនសមត្ថភាពផលិតបន្ថែម ក៏ដូចជាដើម្បីដកការហាមឃាត់ ការលក់ iPhone ម៉ូឌែលចុងក្រោយរបស់ខ្លួន ក្នុងប្រទេសនេះ!


ឥណ្ឌូនេស៊ី៖ បន្ទាប់ពី iPhone ម៉ូឌែលចុងក្រោយរបស់ខ្លួន ត្រូវបានហាមឃាត់ លក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាពេលថ្មីៗកន្លងមកនេះ ពេលនេះ ដើម្បីជាយុទ្ធសាស្ត្រដំណោះស្រាយ ក្រុមហ៊ុន Apple Inc កំពុងធ្វើការផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះ ដោយស្នើសុំការវិនិយោគជិត ១០ លានដុល្លារ ដើម្បីបង្កើតសមត្ថភាពផលិតបន្ថែម នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ការវិនិយោគនេះ មានគោលបំណងជួយ Apple ដកការហាមឃាត់ការលក់ iPhone ម៉ូដែលចុងក្រោយបំផុតរបស់ខ្លួន ដែលត្រូវបានរារាំងដោយសារតែ តម្រូវការមាតិកាក្នុងស្រុក។ ផែនការនេះរួមបញ្ចូល ទាំងការចាប់ដៃគូជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក ដើម្បីបង្កើតរោងចក្រនៅ Bandung ដែលមានទីតាំងនៅ ភាគអាគ្នេយ៍នៃទីក្រុងហ្សាកាតា ជាកន្លែងដែលរោងចក្រនេះ នឹងផលិតគ្រឿងប្រើប្រាស់បន្ថែម និងគ្រឿងបន្លាស់សម្រាប់ឧបករណ៍ Apple។

ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ ក្នុងការកត់សម្គាល់ថា ការវិនិយោគបច្ចុប្បន្ន របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌូនេស៊ី មានចំនួន ១,៥ ពាន់ពាន់លានរូពៀ (៩៥ លានដុល្លារ) តាមរយៈ Developer academies ដែលជាចំនួនធ្លាក់ចុះមិនដល់កំណត់ ពីការតាំងចិត្តរបស់ Apple ទៅលើឥណ្ឌូនេស៊ី ដែលធ្លាប់បានព្រមព្រៀងក្នុងចំនួន ១,៧ ពាន់ពាន់លានរូពៀ ដោយបង្ហាញពីបញ្ហាប្រឈម ដែលកំពុងបន្ត សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ក្នុងការបំពេញតាមបទប្បញ្ញត្តិ ក្នុងស្រុក របស់ឥណ្ឌូនេស៊ី។

 

 

ប្រភព៖ Seasia . co