ព្រះបរមរាជវាំង បានក្លាយទៅជាតំបន់ទេសចរណ៍ដ៏ពិសេសមួយក្នុងរាជធានីភ្នំពេញ ដែលមានសារៈសំខាន់បំផុតសម្រាប់ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រកម្ពុជាតាមរយៈខ្សែរាជវង្ស រចនាបថស្ថាបត្យកម្មខ្មែរ ប្រពៃណីព្រះមហាក្សត្រ សិល្បៈ និងសាសនា។ ព្រះបរមរាជវាំងចតុមុខ មានភាពស្រស់ស្អាត និងបង្ហាញនូវសេចក្ដីថ្លៃថ្នូរ ដោយសារតែប្រទេសកម្ពុជា កាត់របបរាជាធិបតេយ្យបានយ៉ាងខ្ជាប់ខ្ជួន ខណៈប្រទេសផ្សេងទៀត បានបាត់បង់រាជវាំង និងរបបរាជានិយមស្ទើរអស់ទៅហើយ។ ព្រះបរមរាជវាំង ទទួលបានភ្ញៀវទេសចរណ៍មិនតិចនោះទេ ក្នុងមួយថ្ងៃៗ ដោយភាគច្រើនជាភ្ញៀវអន្តរជាតិ ដែលបានមករាជធានីភ្នំពេញមិនអាចរំលងបានឡើយនូវ ការទស្សនាព្រះបរមរាជវាំងចតុមុខ សូម្បីតែនៅសួនខាងមុខព្រះបរមរាជវាំង ក៏ក្លាយទៅជាកន្លែងថតរូបដ៏ល្បីល្បាញ និងវិថីថ្មើរជើង សម្រាប់ប្រជាជនគ្រប់រូបមកកម្សាន្ដនៅពេលល្ងាចផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរ គេហទំព័រ Cambodia Property សូមធ្វើការរៀបរាប់នូវប្រវត្តិសង្ខេបមួយចំនួនទាក់ទងនឹងសាងសាង់ព្រះបរមរាជវាំងជូនដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា។
ជាដំបូង សូមគូសបញ្ជាក់បន្ដិចថា ភ្នំពេញបានក្លាយជារាជធានីនៃប្រទេសកម្ពុជាចំនួន ២ លើក តាមរយៈការតាំងរាជធានីលើកដំបូងបន្ទាប់ពីចាកចោលក្រុងអង្គរ ដោយព្រះបាទពញ្ញាយ៉ាត នៅក្នុងឆ្នាំ ១៤៣៤ ពេលនោះរាជធានីនេះមានឈ្មោះថា ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ។ ប៉ុន្តែដោយសារតែបញ្ហាឈ្លានពានពីសំណាក់សត្រូវ កម្ពុជាត្រូវបង្ខំចិត្តចាកចេញទៅតាំងរាជធានីនៅតំបន់ផ្សេងជាច្រើន ដូចជារាជធានីលង្វែក ស្រីសន្ធរ និងឧត្តុង -ល- យើងត្រូវចាំរហូតមកដល់ឆ្នាំ ១៨៦៥ទើបការតាំងរាជធានីជាថ្មីនៅចតុមុខដោយព្រះបាទនរោត្តមបន្ទាប់ពីប្រទេសកម្ពុជាបានស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំងនិងបានដាក់ឈ្មោះរាជធានីនេះថាក្រុងចតុមុខសិរីមង្គលហើយសព្វថ្ងៃយើងហៅថាភ្នំពេញ។
ព្រះបរមរាជវាំងចតុមុខ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៨៦៦ ដល់ឆ្នាំ ១៨៧០ ស្ថិតនៅខាងមុខចំណុចប្រសព្វនៃទន្លេ ៤ មុខរបស់ប្រទេសកម្ពុជា រួមមានទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់។ ព្រះបរមរាជវាំង ត្រូវបានគូសប្លង់ដោយស្ថាបត្យករ អ្នកឧកញ៉ា ទេព និមិត្ត ម៉ក់ ដោយយករចនាបថបាយ័ន ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃ ការរីកចម្រើនមិនចេះចប់។ ចំណែកកំពែងព័ទ្ធជុំវិញ មានប្រវែង ១,៧៧២ ម៉ែត្រ (ដោយកំពែងខាងកើតប្រវែង ៤២១ ម៉ែត្រ, ខាងលិចប្រវែង ៤៣៥ ម៉ែត្រ ខាងជើងប្រវែង ៤៨៤ ម៉ែត្រ និងខាងត្បូងប្រវែង ៤៣២ ម៉ែត្រ) មានខ្លោងទ្វារចំនួន ៥ ដោយខ្លោងទ្វារជ័យនៅផ្នែកខាងកើត និងខ្លោងទ្វារខ្មោចស្ថិតនៅខាងជើង (សម្រាប់ដង្ហែរចេញទៅវាលព្រះមេរុហ៍) ធ្វើការបូជា។
នៅពេលដែលយើងទៅដល់ផ្នែកខាងក្នុងនៃព្រះបរមរាជវាំង យើងនឹងឃើញប្រាសាទមួយធំជាងគេ ស្ថិតនៅចំកណ្ដាល នោះគឺប្រាសាទទេវាវិនិច្ឆ័យ ដែលវាត្រូវបានរុះរើសំណង់ចាស់ឈើ និងសាងសាង់ឡើងវិញក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩១៣ ដល់ឆ្នាំ ១៩១៧ ដោយទំហំប្រាសាទមានបណ្ដោយ ៦០ ម៉ែត្រ ទទឺង ៣០ ម៉ែត្រ និងមានកម្ពស់ស្រួច ៥៩ ម៉ែត្រ។ ប្រាសាទនេះប្រើប្រាស់សម្រាប់ពិធីធំៗដូចជា៖
- ពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ
- ព្រះរាជពិធីបុណ្យទ្វារទសមាស
- ព្រះរាជសាវនាការថ្វាយសារតាំង
- ពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីចូលកាន់ដំណែង
- ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។
ចំណែកប្រាសាទសំខាន់ទី ២ ដែលគេមិនអាចរំលងបាន គឺព្រះវិហារព្រះកែវមរកត ដែលព្រះវិហារនេះក៏ត្រូវបានសាងសង់ឡើងដោយឈើនៅឆ្នាំ ១៨៩២ ផងដែរ និងត្រូវរុះរើសាងសង់ឡើងវិញនៅក្នុងឆ្នាំ ១៩៦២ ដោយនៅផ្នែកខាងក្នុងបាតក្រោម ត្រូវបានក្រាលដោយប្រាក់សន្លឹកសុទ្ធ (ដោយមួយសន្លឹកមានទំងន់ ១.១២៥ គីឡូក្រាម) និងមានសរុប ៥,៣២៩សន្លឹកការ៉ូប្រាក់។ព្រះវិហារនេះមានតាំងព្រះពុទ្ធបដិមាជាច្រើនអង្គដោយព្រះពុទ្ធបដិមា១អង្គធ្វើឡើងពីត្បូងកែវដ៏មានតម្លៃបំផុតមានពណ៌ដូចមរកតនិងបដិមារព្រះសិអារ្យមេត្រីត្រូវបានស្រោបដោយមាស។លើសពីនេះនៅមានតាំងនូវឧបករណ៍ប្រើប្រាស់របស់ព្រះមហាក្សត្រជាច្រើនទៀតទៅតាមពិធីនានា។
ជាចុងក្រោយ យើងជាកូនខ្មែរដែលរស់នៅក្នុងរាជធានីភ្នំពេញ ឬនៅតាមបណ្ដាខេត្តក្ដី យើងគួរតែឆ្លៀតពេលវេលា មកទស្សនានិងសិក្សាបអំពីព្រះបរមរាជវាំងចតុមុខ ឲ្យបានច្រើនដង និងស្ដាប់ការពន្យល់របស់មគ្គុទេសករណ៍ ដើម្បីទទួលចំណេះដឹងកាន់តែច្រើន ត្បិតប្រទេសយើងមានព្រះមហាក្សត្រគ្រងរាជ្យសម្បត្តិ និងព្រះបរមរាជវាំងដ៏ស្រស់ស្អាត ហើយយើងចំណាយប្រាក់ត្រឹមតែ ១,០០០រៀលប៉ុណ្ណោះក្នុងការចូលទស្សនាម្ដង។