ព្រះសីហនុ៖ ទូរថភ្លើងដឹកទំនិញថ្មីចំនួន ៦០គ្រឿងបន្ថែម ពីប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជាហើយ នាព្រឹកថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ នេះ ដើម្បីទុកប្រើប្រាស់ ក្នុងការបង្កើនសមត្ថភាព សេវាកម្មដឹកទំនិញតាមផ្លូវដែក ឱ្យកាន់តែល្អប្រសើរ។
គួរឲ្យដឹងដែរថា ទូរថភ្លើងទាំងនេះ បានមកដល់នៅយប់ថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤ និងបានលើកដាក់ចុះពីនាវា ដោយជោគជ័យ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤ តែម្តង។
តាមគ្រោងការណ៍ដែលបានកំណត់ នេះគឺជាការបោះជំហានទៅមុខ ដ៏សំខាន់ ក្នុងការផ្តល់ជូន នូវសេវាកម្មដឹកជញ្ជូនទំនិញ តាមរយៈផ្លូវដែក ហើយការមកដល់នៃ ទូរថភ្លើងដឹកទំនិញទាំង ៦០គ្រឿងនេះ គ្រាន់តែជាដំណាក់កាលដំបូងតែប៉ុណ្ណោះ ក្នុងចំណោមការបញ្ជាទិញសរុប ២២១គ្រឿង របស់ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ។
ដោយឡែក ចំពោះដំណាក់កាលទីពីរ មានចំនួន ៣៥ គ្រឿង រំពឹងថានឹងមកដល់ ក្នុងសប្តាហ៍ទី ២-៣ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់មកការដឹកជញ្ជូន ៤៥ គ្រឿងទៀត ដែលគ្រោងនឹងដាក់ក្នុងខែមករា ឆ្នាំ២០២៥ នឹងបន្តមកដល់ជាបន្តបន្ទាប់ទៀត នៅប៉ុន្មានខែបន្ទាប់។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន