ធនាគារពិភពលោក៖ ម៉ាឡេស៊ី នឹងក្លាយជាប្រទេសអ្នកមាន (Rich Country) ត្រឹមឆ្នាំ២០២៨


របាយការណ៍ពីធនាគារពិភពលោក បានព្យាករណ៍ថា ប្រទេសម៉ាឡេស៊ី នឹងចាកចេញពីប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ ក្លាយទៅជាប្រទេសមានចំណូលខ្ពស់ ឬប្រទេសអ្នកមាន (Rich Country) ជាប្រទេសទី២ នៅអាស៊ីអាគ្នេយ៍ ដែលក្លាយទៅជាប្រទេស មានចំណូលខ្ពស់ បន្ទាប់ពីសិង្ហបុរី នៅត្រឹមឆ្នាំ២០២៨។ ធនាគារពិភពលោក ចាត់ទុកប្រទេសមានចំណូលខ្ពស់ ឬប្រទេសអ្នកមាន ដោយប្រជាជនម្នាក់មាន ប្រាក់ចំណូលជាមធ្យម ចាប់ពី ១៤ ០០៥ ដុល្លារឡើងទៅ ក្នុងមួយឆ្នាំ។

ក្រោយមើលឃើញពី កំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា របស់ម៉ាឡេស៊ី ដែលអាចមានកំណើនខ្ទង់ ៤,៩% នៅឆ្នាំ២០២៤ និងខ្ពស់ជាងមុនវិបត្តិជំងឺកូវីដ-១៩ រហូតដល់ ១២% ម៉ាឡេស៊ី ស្ថិតក្នុងចំណោមប្រទេស មានសេដ្ឋកិច្ចអភិវឌ្ឍលឿនបំផុតមួយក្នុងតំបន់ ជាមួយអត្រាកំណើនប្រជាជន វណ្ណៈកណ្ដាលច្រើន។ ប្រសិនបើម៉ាឡេស៊ី អាចរក្សាលំនឹងកំណើនសេដ្ឋកិច្ចថេរ រយៈពេល ៤ ឆ្នាំខាងមុខ ម៉ាឡេស៊ីនឹងក្លាយជា ប្រទេសមានចំណូលខ្ពស់ មានន័យថា ប្រទេសម៉ាឡេស៊ី នឹងឈានទៅរកកម្រិតជីវភាព ឬគុណភាពជីវិតខ្ពស់ (Living standard) មានរូបិយប័ណ្ណរីងហ្គីតតម្លៃខ្ពស់ មានអត្រាក្រីក្រតិចតួច កាន់លិខិតឆ្លងដែនមានឥទ្ធិពល និងសេដ្ឋកិច្ចរឹងមាំ ប្រកួតប្រជែងនៅក្នុងតំបន់។

តើកត្តាអ្វីខ្លះ ជម្រុញអោយម៉ាឡេស៊ី អាចក្លាយទៅជាប្រទេសអ្នកមានបាន?

ម៉ាឡេស៊ី ស្ថិតចំណោមប្រទេស អភិវឌ្ឍលឿនមួយក្នុងតំបន់ ដោយរួមចំណែកពីកត្តាធំៗ មួយចំនួនដូចជា៖

១. ធនធានធម្មជាតិ៖ ម៉ាឡេស៊ី មានធនធានធម្មជាតិច្រើន រាប់ចាប់ពីរ៉ែមាស ដែក សំណប៉ាហាំង ប្រេង ឧស្ម័ន ព្រៃឈើ ធនធានសមុទ្រ ជាដើម បូករួមជាមួយនឹង ផលិតផលកសិកម្មខ្នាតធំ ដូចជាកៅស៊ូ ដូងប្រេង និងឈើ ឈានមុខគេមួយក្នុងតំបន់ និងកម្រិតពិភពលោក។

២. ឧស្សាហកម្ម៖ ប្រទេសម៉ាឡេស៊ី ឈានមុខលើការនាំចេញ ផលិតផលអេឡិត្រូនិក គ្រឿងបង្គុំអគ្គិសនី Semiconductor បន្ទះឈីប បន្ទះសូឡា និងផលិតផលបច្ចេកវិទ្យា ICT។

៣. ទេសចរណ៍៖ ម៉ាឡេស៊ី ស្ថិតក្នុងចំណោមប្រទេសអាស៊ី ដែលទទួលបានភ្ញៀវទេសចរច្រើនបំផុតមួយ ក្នុងឆ្នាំ២០២៣ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ២០ លាននាក់។

៤. ធនធានមនុស្ស៖ ម៉ាឡេស៊ី មានប្រជាជនទទួលបាន ការអប់រំខ្ពស់បំផុតមួយក្នុងតំបន់ មានយុវជនច្រើនមានសមត្ថភាព ធ្វើអោយកម្លាំងស្នូល អភិវឌ្ឍប្រទេសបានកើនឡើងពី ២៣% នៅឆ្នាំ២០២១ ឡើងដល់ ៣៣% នៅឆ្នាំ២០២១ ហើយក៏មានគុណភាព អប់រំថ្នាក់ឧត្តមសិក្សាកម្រិតខ្ពស់មួយ លើសកលលោកផងដែរ។

៥. ទុនវិនិយោគផ្ទាល់ពីបរទេស៖ ម៉ាឡេស៊ី ទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសច្រើន ជាពិសេសពីបណ្ដាប្រទេសអភិវឌ្ឍន៍ដូចជា អាមេរិក ជប៉ុន និងតៃវ៉ាន់ជាដើម។

៦. ស្ថេរភាពនយោបាយ៖ ម៉ាឡេស៊ី មានស្ថេរភាពនយោបាយល្អ មានបញ្ហាសង្គមតិចតួច ហើយជនជាតិធំៗទាំង ៣ ម៉ាឡេ ចិន ឥណ្ឌា រស់នៅជុំគ្នាយ៉ាងសុខុដុម។

៧. ទីតាំង៖ ប្រទេសម៉ាឡេស៊ី ស្ថិតនៅជ្រោយម៉ាឡាកា ជាទីតាំងពាណិជ្ជកម្មសំខាន់បំផុត នៅអាស៊ីអាគ្នេយ៍ សម្រាប់តភ្ជាប់ពាណិជ្ជកម្មពិភពលោក និងស្ថិតនៅតំបន់ត្រូពិក មិនសូវរងគ្រោះធម្មជាតិឡើយ។

៨. អត្រាកំណើនសេដ្ឋកិច្ចរឹងមាំ៖ ម៉ាឡេស៊ី រក្សាកំណើនសេដ្ឋកិច្ចបានរឹងមាំជាង ៦ ទសវត្សមកហើយ ចាប់តាំងពីទសវត្ស១៩៦០ មកដល់ឆ្នាំ២០២៣ ម៉ាឡេស៊ី មានអត្រាកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលជាតិ ៧,៣% ក្នុងមួយឆ្នាំ ជាមធ្យម។

 

ប្រភព៖ ALJAZEERA