លុយបាតថៃ និងម៉ាឡេស៊ីរីងហ្គីត ជារូបិយប័ណ្ណមានស្ថេរភាពបំផុតនៅអាស៊ី ធៀបនឹងដុល្លារអាមេរិក


លុយបាតថៃ និងម៉ឡេស៊ីរីងហ្គីត ជារូបិយវត្ថុមានកំណើនតម្លៃឡើងខ្ពស់បំផុត នៅតំបន់អាស៊ី ធៀបទៅនឹងលុយដុល្លារអាមេរិក ដោយក្នុងនោះ គេសង្កេតឃើញថាប្រាក់បាត ប្រទេសថៃ មានកំណើនឡើង ០,២៦% ចំណែកប្រាក់រីងហ្គីត ម៉ាឡេស៊ី មានកំណើនឡើង ០,១១% នៅក្នុងឆ្នាំ២០២៤ កត្តានេះបានសបញ្ជាក់ពី ភាពរឹងមាំនៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងប្រទេសទាំង ២។

ផ្ទុយទៅវិញ រូបិយប័ណ្ណមួយចំនួនទៀតនៅអាស៊ី មានការធ្លាក់ចុះតម្លៃ ជាក់ស្ដែង ប្រាក់យេនជប៉ុន បានធ្លាក់ចុះប្រមាណ ០,៨៩% ចំណែកប្រាក់វ៉ុនកូរ៉េ បានធ្លាក់ចុះ ០,១៩% ធៀបទៅនឹងតម្លៃដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៤។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ ប្រាក់ថៃ មានតម្លៃ ៣៤,៥០បាត ក្នុង ១ ដុល្លារអាមេរិក ចំណែកប្រាក់ម៉ាឡេស៊ី រីងហ្គីត មានតម្លៃ ៤,៤៦ រីងហ្គីត ក្នុង ១ ដុល្លារអាមេរិក។

ការវិភាគលើតម្លៃរូបិយប័ណ្ណប្រទេសនីមួយៗ បានបង្ហាញអំពីស្ថេរភាព ឬកំណើនឡើងតម្លៃរូបិយប័ណ្ណប្រទេសមួយ ដោយការរួមចំណែកពី ភាពធន់នៃសេដ្ឋកិច្ចប្រទេស ភាពធន់ទៅនឹងអតិផរណា ភាពធន់ពីការវិបត្តិសកល និងតម្លៃរូបិយប័ណ្ណមួយ ចូលទៅកាន់ទីផ្សារពិភពលោកផងដែរ។

តើកត្តាអ្វីខ្លះ ធ្វើអោយរូបិយវត្ថុមានតម្លៃខ្ពស់?

ភាពរឹងមាំនៃរូបិយប័ណ្ណប្រទេសមួយ ត្រូវបានវាស់តម្លៃដោយកត្តាក្នុងស្រុក និងអន្តរជាតិ ជាច្រើនរួមមាន៖

•    បរិមាណតម្រូវការ និងការបោះពុម្ពរូបិយប័ណ្ណប្រទេសនោះ ទៅក្នុងទីផ្សារប្ដូរប្រាក់បរទេស (Foreign Exchange Market)

•    អត្រាការប្រាក់ខ្ពស់ ពីធនាគារកណ្តាល

•    អតិផរណា និងកំណើនឡើងនៃសេដ្ឋកិច្ចក្នុងប្រទេស

•    និងតុល្យភាពពាណិជ្ជកម្ម របស់ប្រទេសមួយ ជាមួយនឹងទីផ្សារអន្តរជាតិ។

 

ប្រភព៖ Seasia.co