ក្រោយពីមានការសិក្សា វាយតម្លៃ ស្រាវជ្រាយ និងកំណត់បានគម្រោងបានច្បាស់លាស់អស់រយៈពេលជាច្រើនខែកន្លងមកនេះ ទីបំផុតគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទី2 ថ្មី មានទីតាំងនៅក្នុងខេត្តកណ្ដាល និងតាកែវ ដែលត្រូវចំនាយទឹកប្រាក់ខ្ទង់ 1.5 ពាន់លានដុល្លារ នឹងចាប់ផ្ដើមនៅក្នុងខែកញ្ញា ឆ្នាំ 2019 នេះហើយ។ យោងតាមការបញ្ជាក់របស់អ្នកឧកញ្ញា ពុង ឃាវសែ បានឲ្យដឹងកាលពីថ្ងៃទី14 ខែមីនា កន្លងទៅថ្មីៗនេះ ព្រោះបើគ្មានឧបសគ្គនោះទេ ការសាងសង់នឹងធ្វើឡើងតែម្ដង។
អ្នកឧកញ្ញា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាហៅកាត់ថា (OCIC) ហើយក៏ជាក្រុមហ៊ុន ដែលនឹងទទួលខុសត្រូវលើការស្ថាបនា សាងសង់នូវព្រលានយន្តហោះថ្មីរបស់រាជធានីភ្នំពេញ បានឲ្យដឹងក្រោយពីបានចុះកិច្ចសហការណ៍ជាមួយនឹងកូរ៉េកាលពីពេលថ្មីៗកន្លងទៅនេះថា បច្ចុប្បន្នក្រុមហ៊ុនរបស់អ្នកឧកញ្ញា បានធ្វើការប្រមូលទិញដីសម្រាប់សាងសង់ព្រលានយន្តហោះនេះ បានមួយចំនួនធំហើយ ហើយការសាងសង់អាចនឹងចាប់ផ្ដើមនៅខែកញ្ញាខាងមុខនេះ។ អ្នកឧកញ្ញាបានឲ្យដឹងបន្ថែមទៀតថា “ឥឡូវយើងកំពុងចាត់វិធានការ ដោះមីន មិនទាន់ផ្ទុះនិងស្ទង់ដី ដោយយើងឲ្យគេធ្វើការឌីហ្សាញ រចនាប្លង់ ដោយខែ 9 គឺរួចរាល់ហើយ គឺឲ្យតែបានប្លង់ យើងអាចចាប់ផ្ដើមការសាងសង់បានហើយ”។
ជុំវិញការសាងសង់នេះ អ្នកឧកញ្ញាជឿជាក់យ៉ាងមុតមាំថា រដ្ឋាភិបាកកម្ពុជា ដែលបានកំពុងចុះធ្វើការងារយ៉ាងសកម្មក្នុងការដោះស្រាយផលប៉ះពាល់នានា និងបញ្ហាប្រមូលទិញដី ដើម្បីយកមកអភិវឌ្ឍន៍ការសាងសង់លើគម្រោងមួយនេះ បានប្រមាណជា 2,600 ហិតតាហើយ ដែលនឹងជម្រុញឲ្យគម្រោងនឹងអាចចាប់ផ្ដើមដំណើរការបានយ៉ាងឆាប់រហ័សក្នុងការអនុវត្តន៍។ គួររំលឹកផងដែរថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីសម្រាប់ទីក្រុងភ្នំពេញមួយនេះ គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តកាលពីចុងឆ្នាំ 2017 កន្លងទៅ ហើយក៏បានស្ងប់ស្ងាត់ទៅវិញ ដោយសារជួបឧបសគ្គមួយចំនួន តែមួយរយៈចុងក្រោយនេះ គម្រោងនេះបានងើបមុខមកវិញ ហើយមានព័ត៌មានកាន់តែច្បាស់ថែមទៀតផង។
យ៉ាងណាក៏ដោយ បើទោះបីជាគម្រោងសាងសង់អាចចាប់ផ្ដើមនៅខែកញ្ញាក៏ដោយ តែយើងមិនទាន់ដឹងច្បាស់នៅឡើយនោះទេថា តើក្រុមហ៊ុន OCIC នឹងអាចបញ្ចប់កិច្ចការសាងសង់រយៈពេលប៉ុន្មានឆ្នាំឡើយ តែអាចនឹងត្រូវប្រកាសនាពេលក្រោយក៏ថាបាន បន្ទាប់ពីវាយតម្លៃចប់សព្វគ្រប់។
ប្រភព៖ Phnom Penh Post