គម្រោងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងមមារញឹក គិតមកដល់ថ្ងៃ ២៩មករានេះ សម្រេចការងារបាន ៨២,០៣% ហើយ!


កោះកុង៖ គិតមកត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ដែលមានប្រវែង ១៤៨គីឡូម៉ែត្រ សម្រេចលទ្ធផល ៨២,០៣%ហើយ។

គួរឲ្យដឹងថា បច្ចុប្បន្នគ្រប់កំណាត់ នៃគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ការដ្ឋានកំពុងមមាញឹកខ្លាំង លើការងារអ៊ុត AC។

ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់កម្ពុជា ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។

ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ឯកឧត្តម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានធ្វើការអំពាវនាវដល់ អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់ គ្រប់ប្រភេទ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលបណ្តាលឱ្យមាន ការលំបាកក្នុងការធ្វើដំណើរ ជាពិសេសចំណុចឡើងទូល និងចុះចំណោតជាដើម។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយ អាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងជួយកាត់បន្ថយការហុយធូលី លើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ផងដែរ។

ក្រសួងសាធារណការ តាមរយៈឯកឧត្តមអ្នកនាំពាក្យក្រសួង ក៏សូមថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលបានយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កំពុងដំណើរការតែមមារញឹក នារដូវប្រាំងនេះ។

 

ប្រភព៖ ឯ. ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន