គម្រោងផ្លូវថ្មើរជើង (Walk Street) នៅរាជធានីភ្នំពេញ នឹងបើកដំណើរការសាកល្បង ចាប់ពីថ្ងៃទី ១កុម្ភៈឆ្នាំ២០២៥ ខាងមុខនេះហើយ!


ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ និងភាគីដែលពាក់ព័ន្ធ បានបើកកិច្ចប្រជុំ សម្រេចលើកិច្ចការត្រួតពិនិត្យ ការបើកដំណើរការសាកល្បង នៃគម្រោងផ្លូវថ្មើរជើង (Walk Street) តាមបណ្ដោយតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ពីផ្លូវលេខ៩៤ ដល់ផ្លូវលេខ២៤០)។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្រេចជាលទ្ធផល និងប្រកាសឲ្យដឹងផងថា គម្រោងផ្លូវថ្មើរជើងនេះ នឹងបើកដំណើរការសាកល្បង នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅហើយ ដោយដំណើរការមួយសប្ដាហ៍២ថ្ងៃ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ចាប់ពីម៉ោង១៨:០០ ដល់ម៉ោង២៣:០០។

គួរបញ្ជាក់ឲ្យដឹងដែរថា បរិវេណផ្លូវថ្មើរជើងនេះ ត្រូវបានបែងចែកចេញជា ៣ តំបន់ ដោយ

តំបន់ផ្លូវថ្មើរជើងទី១ មានទំហំសរុប ៣,៣ ហិកតា នៅមុខប្រៃសណីយ៍ ២ ១៤៥ ម៉ែត្រការ៉េ ដោយខាងជើងមានផ្លូវលេខ៩៤ (វិថីបក្សីចាំក្រុង) ខាងត្បូងមានផ្លូវលេខ១០៦ (វិថីព្រះមហាក្សត្រយានីកុសមៈ) ខាងលិចមានផ្លូវលេខ១៣ (វិថីព្រះអង្គអេង) និងខាងកើតមានតិរវិថីព្រះស៊ីសុវត្ថិ។ ផ្លូវថ្មើរជើងនេះ អមដោយវិថីអាហារ និងហាងទំនិញជាច្រើនសម្រាប់ទេសចរថ្មើរជើង។

តំបន់ដើរទីពីរ មានផ្ទៃដីសរុប ២០,៧ ហិកតា នៅខាងជើងមានផ្លូវលេខ១០៦ (វិថីព្រះមហាក្សត្រយានីកុសមៈ) ខាងត្បូងមានផ្លូវលេខ១៨៤ ខាងលិចមានផ្លូវលេខ១៣ (វិថីព្រះអង្គអេង) និងខាងកើតមានតិរវិថីព្រះស៊ីសុវត្ថិ។ ផ្លូវថ្មើជើងនេះ ត្រូវកំណត់ជាគោលដៅសម្រាប់តំបន់ POP Street ស្រដៀងគ្នានឹង Pub Street នៅខេត្តសៀមរាបដែរ។

តំបន់ដើរចុងក្រោយ មានផ្ទៃទំហំសរុប ៣៤ ហិកតា នៅខាងជើងមានផ្លូវលេខ១៨៤ ខាងត្បូងមានមហាវិថីព្រះសីហនុ ខាងលិចមានផ្លូវលេខ០៧ និងខាងកើតមានតិរវិថីព្រះស៊ីសុវត្ថិ។ ផ្លូវថ្មើរជើងនេះ នឹងត្រូវកំណត់ជាតំបន់លំហែ មានកន្លែងអង្គុយស្រូបយកខ្យល់អាកាស នៅតំបន់មាត់ទន្លេ និងព្រះបរមរាជវាំង។

 

ប្រភព៖ ទំព័រហ្វេសបុក ឯ. ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ