គិតត្រឹមចុងខែមករានេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ជា៤គន្លង) ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលជារួមបាន ៣២% ហើយ!


កំពង់ចាម៖ គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ប្រវែងសរុប ៤៥,៥០គីឡូម៉ែត្រ (PK000+000 – PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ការអនុវត្តគម្រោង សម្រេចបានលទ្ធផលជារួម ៣២,០១% ហើយ ដោយការដ្ឋានគ្រប់កំណាត់ បានបង្កើន និងធានាវឌ្ឍនភាព តាមការគ្រោងទុក។

គួរឲ្យដឹងដែរថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ (រយៈពេលសាងសង់៤០ខែ) ដែលតាមផែនការគម្រោង នឹងសាងសង់បញ្ចប់ ១០០% នៅអំឡុងខែកក្កដា ឆ្នាំ២០២៧ ខាងមុខនេះ។

ដូចគ្នានេះដែរ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទ AC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨(ស្មើប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន (ស្មើប្រវែងសរុប ១១៦ម៉ែត្រ), លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។

គូសបញ្ជាក់ថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ ជាដើម។

ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវតភ្ជាប់ ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប...និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត ផងដែរ។

មិនតែប៉ុណ្ណោះ កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C, ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦, ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្ត ស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះ ក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវ របស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ (GMS) ផងដែរ។

ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ឯ.អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ឲ្យប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយ អាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មម ដែលជាផ្នែកមួយ ជួយកាត់បន្ថយការហុយធូលី លើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ផ្សេងទៀត។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ រស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ កំពុងដំណើរការតែមមាញឹក នារដូវប្រាំងនេះ។

ប្រភព៖ ឯ. ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន