ស្ថានភាពនៃការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ក្នុងប្រទេសថៃ បានបង្ខំឲ្យរោងចក្រ និងអាជីវកម្មខ្ទង់ ១,១១៣ កន្លែងប្រកាសបិទទ្វារបណ្ដោះអាសន្ន គិតចាប់ពីខែធ្នូ ២០១៩ ដល់ខែមីនា ២០២០ ក្នុងនោះក៏បានធ្វើឲ្យប្រជាជនប្រមាណ ៧០០,០០០ នាក់បាត់បង់ការងារនិងប្រាក់ចំណូលប្រចាំខែផងដែរ។ យោងតាមនាយកដ្ឋានការពារសុខុមាលភាពការងារប្រទេសថៃបានឲ្យដឹងថា តួលេខនៃចំនួនប្រជាជនគ្មានការងារធ្វើបានកើនឡើងយ៉ាងគំហុកសម្រាប់ដើមឆ្នាំ ២០២០ ជាពិសេសគឺនៅក្នុងខែធ្នូ ចំនួនអ្នកអត់ការងារមានប្រមាណ ៣៦០,០០០ នាក់ និងខែមីនា ចំនួនបានឡើង ១៤០,០០០ បន្ថែមទៀត ដោយសារតែការបិទអាជីវកម្មជាច្រើន ហើយប្រជាជនលើសពី ៧ សែននាក់កំពុងទាមទារបៀវត្ស៍ពីមូលនិធិសន្តិសុខសង្គមបម្រុងទុក នៅពេលគ្មានការងារធ្វើ។
លោក Apinya Sujarittanan ប្រធាននាយកដ្ឋានការពារសុខុមាលភាពការងារប្រទេសថៃ បានឲ្យដឹងថា ក្នុងរយៈពេល ១ ឆមាសចុងក្រោយនេះ គិតពីខែតុលាឆ្នាំ ២០១៩ មកដល់ខែ មីនាឆ្នាំ ២០២០ មានអាជីវកម្ម និងរោងចក្របិទទ្វារច្រើន រហូតដល់ ១,១១៣ កន្លែង ធៀបកាលពីឆ្នាំ ២០១៨-២០១៩ មានត្រឹមតែ ១១៧ កន្លែងប៉ុណ្ណោះ ហើយនិយោជិកធ្វើការតាមបណ្ដារោងចក្រ អាជីវកម្មឯកជនទាំងនោះ ២៧១,៤៤៦ នាក់បានប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូលប្រចាំថ្ងៃ ធៀបនឹងឆ្នាំមុនមានត្រឹមតែ ៣៧,៨២១ នាក់។
រោងចក្រ Mitsubishi Electric កាលពីសប្ដាហ៍មុននេះ ទើបតែព្យួរការងារបុគ្គលិកចំនួន ១,១១៩ នាក់ ដោយសាររោងចក្រផ្អាកនូវការផលិតម៉ាស៊ីនត្រជាក់បណ្ដោះអាសន្នសិន ដោយកង្វះវត្ថុធាតុដើម និងមិនមានការនាំចេញ។ នាយកក្រុមហ៊ុន បញ្ជាក់ផងដែរថា ការព្យួរការងារនិយោជិកចំនួនជាងមួយពាន់នាក់នេះ ក្រុមហ៊ុនត្រូវផ្ដល់សំណងគិតជាទឹកប្រាក់ ៤១ លានបាត សម្រាប់ដោះស្រាយជីវភាពនិយោជិក ហើយរោងចក្រទំនងជាអាចដំណើរការឡើងវិញនៅខែឧសភាខាងមុខ។ ដោយឡែកចំពោះរោងចក្រផលិតស៊ីម៉ង់ Siam City Cement Plc វិញ និយោជិកចំនួន ១៤៤ នាក់នឹងត្រូវបាត់បង់ការងារអចិន្ត្រៃតែម្ដងនៅខេត្ត Saraburi។
លោក Apinya ប្រធាននាយដ្ឋានការពារសុខុមាលភាពការងារ បានបញ្ជាក់បន្ថែមថា ចំពោះការបិទទ្វាររោងចក្រ និងអាជីវកម្ម ដែលបណ្ដាលឲ្យមានការព្យួរការងារបណ្ដោះអាសន្ននេះ និយោជិកសរុបលើសពី ៧ សែននាក់នេះ ទទួលបានប្រាក់សំណងមិនដូចគ្នាឡើយ ពោលវាអាស្រ័យទៅតាមស្ថាប័ននិងគោលការណ៍របស់រោងចក្រ ប៉ុន្តែចំនួនតួរលេខអ្នកដែលមិនទទួលបានសំណងឬចំនូលទាល់តែសោះមានច្រើនរហូតដល់ ១៣,៤០៧ នាក់ ដែលពួកគេអាចនឹងមានវិបត្តិហិរញ្ញវត្ថុក្នុងគ្រួសារប្រសិនបើការបិទទ្វារអាជីវកម្មនៅអូសបន្លាយរយៈពេលវែង។