ភ្នំទាក់ទ្រាំង (បាត់ដំបង) ជាប់ឈ្មោះជាភ្នំធម្មជាតិដ៏លេចធ្លោមួយនៅកម្ពុជា និងជាស្ថានីយបុរេប្រវត្តិល្អាងស្ពានតាំងពីជាង ៣,០០០ ឆ្នាំមុន!

ភ្នំទាក់ទ្រាំង មានទីតាំងស្ថិតនៅក្នុងភូមិ គីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលយើងអាចធ្វើដំណើរទៅតាមផ្លូវជាតិលេខ ៥៧ ចេញពីក្រុងបាត់ដំបង ឆ្ពោះទៅខេត្តប៉ៃលិន មកដល់គីឡូលេខ ៤០ បត់ចូលតាមផ្លូវក្រាលគ្រួសធម្មជាតិ ចំងាយជិត ៤ គីឡូម៉ែត្រ នឹងទៅដល់ភ្នំទាក់ទ្រាំង។ 

ភ្នំទាក់ទ្រាំង មានតម្លៃសំខាន់ៗចំនួន ៣ ផ្នែក ដែលយើងត្រូវស្វែងយល់៖ 

១. សារៈសំខាន់នៃផ្នែកសណ្ឋានដី និងភូគម្ភសាស្ត្រនៃភ្នំទាក់ទ្រាំង៖ យោងតាមគេហទំព័រកេរដំណែល, ភ្នំទាក់ទ្រាំបានកកើតឡើងនៅចុងស័កទី ១ សម័យពែមីញៀង ដែលមានអាយុកាលប្រហែល ៣០០ លានឆ្នាំមុនគ្រឹស្ដសករាជ។ ក្នុងការកកើតភ្នំដោយបាតុភូតធម្មជាតិនេះ ធ្វើឲ្យភ្នំទាក់ទ្រាំងមានថ្មនិងសណ្ឋានដីជាល្អាងដ៏ធំមួយ ដែលយើងហៅថាល្អាងស្ពាន មានរាងដូចជាស្ពាន និងមានប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍ ទាក់ទាញឲ្យមនុស្សគ្រប់គ្នាចង់ឃើញ ចង់ដឹងបន្ថែម។

២. តម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌៖ ល្អាងស្ពាន គឺជាស្ថានីយបុរេប្រវត្តិសាស្ត្រតែមួយគត់ ក្នុងប្រទេសកម្ពុជា។ ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ត្រូវបានរកឃើញនិងធ្វើកំណាយលើកដំបូងដោយលោកស្រី Cecile និងលោក Roland Mourer នៅទសវត្ស ១៩៦០, លុះមកដល់ឆ្នាំ ២០០៩ ទើបមានការសិក្សាស្រាវជ្រាវបន្ដដែលធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការណ៍ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិនៃប្រទេសបារាំង ដែលមានលោកហេង សុផាឌី និងលោក Hubert Forestier ជាអ្នកដឹកនាំ។ ការធ្វើកំណាយជាហូរហែកន្លងមក បានរកឃើញវត្ថុបុរាណជាច្រើនដូចជា៖ ឧបករណ៍ប្រើប្រាស់ក្នុងយុគថ្មបំបែក, យុគថ្មរំលីង, ភាជន៍, គ្រឿងលម្អកាយ (អង្កាំនិងកងដៃ ធ្វើពីថ្ម និងបន្ដោងខ្សែកធ្វើពីចង្កូមសត្វ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសពមនុស្សចំនួន ២ មានអាយុកាលជាង ៣,៣០០ ឆ្នាំ។ 

លទ្ធផលវិភាគលើវត្ថុបានពីកំណាយបង្ហាញថា ស្ថានីយបុរេប្រវត្តិល្អាងស្ពាន មានមនុស្សមកតាំងទីរស់នៅ ៣ ដំណាក់កាលផ្សេងគ្នា៖

•សម័យថ្មបំបែកមានអាយុប្រហែល ៧១,០០០ ឆ្នាំមុន

•វប្បធម៌ហាវប៊ីនញៀន មានមនុស្សចន្លោះពី ១១,០០០ ដល់ ៥,០០០ ឆ្នាំមុន

•សម័យថ្មរំលីងមានអាយុប្រហែល ៣,០០០ ឆ្នាំ ដោយពេលនោះ ល្អាងស្ពាន ត្រូវបានគេយកធ្វើជាកន្លែងបញ្ចុះសព។

គូសបញ្ជាក់ថា កាលប្រវត្តិទទួលបាននាពេលនេះ គឺធ្វើឡើងតាមវិធីសាស្ត្រ ៣ ផ្សេងៗគ្នាដូចជា (14C, OSL, U-Th dating) ទៅលើស្រទាប់ដីផ្សេងៗគ្នាចាប់ពីផ្ទៃខាងលើ រហូតដល់ជម្រៅ ៥ ម៉ែត្រ។

៣. តម្លៃនៃផ្នែកជីវៈចម្រុះ៖ ភ្នំទាក់ទ្រាំ គ្របដណ្ដប់ដោយដើមឈើ និងរុក្ខជាតិដែលមានពណ៌ខៀវស្រងាត់ តែនៅមិនទាន់ដឹងថាទីជម្រកធម្មជាតិនេះមានជីវៈចម្រុះ ជាពិសេសប្រភេទសត្វនិងរុក្ខជាតិប៉ុន្មានប្រភេទរងការគំរាមកំហែង ដែលមានតម្លៃលេចធ្លោជាសកល សម្រាប់អ្នកវិទ្យាសាស្ត្រ ឬ ការអភិរក្ស។ 

រាជរដ្ឋាភិបាលកម្ពុជា បានចេញច្បាប់ (លេខ ៦៧ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០) អនុញ្ញាតឱ្យក្រសួងបរិស្ថាន រៀបចំ​អភិរក្សភ្នំទាក់ទ្រាំង​ទំហំ​ ៧៩.៨២ ហិកតា ជាតំបន់បេតិកភណ្ឌធម្មជាតិ សម្រាប់ជាមរតក​មនុស្សគ្រប់ជំនាន់។