ក្រុមហ៊ុនស្ថាបត្យកម្ម ODA បានបង្ហាញពីរចនាបថប្លង់នៃការឌីហ្សាញដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់គម្រោងអគារខ្ពស់កក់ពពកថ្មីមួយ។ អគារថ្មីនេះត្រូវបានឲ្យឈ្មោះថា “Seattle Tower” ដែលវាត្រូវបានកំណត់តាមរយៈកម្ពស់ដ៏ខ្ពស់ មានទីចំណតបែបឯកជនដ៏តូចមួយ មានរចនាបថនៃសួនឧទ្យានតូច នៅចំកណ្តាលអគារតែម្តង ដែលអាចឲ្យអ្នកដែលរស់នៅទីនេះ មានសម្រាក និងទទួលយកខ្យល់បរិសុទ្ធពីរុក្ខជាតិបៃតង ដោយពុំចាំបាច់ធ្វើដំណើរចុះមកខាងក្រោមឡើយ។
គម្រោងនៃអគារខ្ពស់កប់ពពកនេះ អាចនឹងកើនឡើងដល់កម្ពស់ 1,185 ហ្វីត (361 ម៉ែត្រ) នៅក្នុងតំបន់ទីប្រជុំជន Seattle ដែលវាអាចនឹងខ្ពស់ជាងអគារ London’s Shard Tower ដែលមានកម្ពស់ត្រឹម 306 ម៉ែត្រ តែវាក៏មិនខ្ពស់ដល់អគារ New York City’s Empire State Building នោះដែរ ដែលមានកម្ពស់រហូតដល់ទី 443 ម៉ែត្រ។
នៅផ្នែកខាងក្នុងរបស់អគារ Seattle Tower នេះ អាចផ្ទុកកន្លែងលក់រាយ កន្លែងចតរថយន្ត និងកន្លែងធ្វើការរួមគ្នានៅជាន់ខាងក្រោម ដែលមានបន្ទប់ស្នាក់នៅ ផ្នែកខាងលើ។ ចំណុចដែលជាទីទាក់ទាញរបស់វានោះ គឺនៅផ្នែកកណ្តាលរបស់វា គឺជាលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍បំផុត ហើយវានឹងផ្តោតជុំវិញនូវរចនាបថឧទ្យានបៃតងតូចនៅខាងក្នុង សម្រាប់ជាទីតាំងសម្រាកលំហែ និងស្រូបយកខ្យល់បរិសុទ្ធពីធម្មជាតិ។
ទោះបីជាវាមើលទៅដូចជា មានទំហំតូចពេក សម្រាប់ជាអគារ ទទួលភ្ញៀវស្នាក់នៅក្នុងតំបន់ជាច្រើននៅពេលតែមួយក៏ដោយ អ្នកដែលទទួលបន្ទុកគ្រប់គ្រងទីនេះ ក៏បានច្របាច់បញ្ចូលនូវទម្រង់ការរស់នៅបែបទាន់សម័យ នឹងផ្តោតខ្លាំងជាមួយនឹងការផ្តល់ជូនដល់អ្នកស្នាក់នៅ នូវទេសភាពនៃ Seattle’s Mount Rainier ដ៏ស្រស់ស្អាត។ តំបន់នេះក៏នឹងមានផ្តល់ជូន នូវកន្លែងអង្គុយ ដើមឈើ និងរុក្ខជាតិបៃតងផ្សេងៗទៀតផងដែរ ដោយគិតថាទេសភាពនេះ នឹងមានទម្រង់ដ៏ល្អឥតខ្ចោះ នៃទេសភាពធម្មជាតិ។
ក្រុមហ៊ុនស្ថាបត្យកម្ម ODA New York បានធ្វើការពន្យល់ថា “ការរចនានេះ ឆ្លុះបញ្ចាំងពីជំនឿរបស់ [ស្ថាបនិក ODA] លោក Eran Chen ដែលរាល់អ្នករស់នៅទីក្រុង គួរតែមានទីធ្លាខាងក្រៅ នៅក្នុងផ្ទះរបស់ពួកគេ។ នៅក្នុងការស្ថាបនាប៉មបច្ចុប្បន្នភាគច្រើន អ្នកមិនអាចសូម្បីបើកបង្អួចស្រូបយកខ្យល់បរិសុទ្ធ ប៉ុន្តែ ODA កំពុងរកវិធីដើម្បីបើកទ្វារខាងក្រៅរបស់អ្នក លើសួនច្បារបៃតងនៅលើអាកាស។ វត្ថុដែលកើតឡើងទាំងនេះ ផ្តល់នូវទេសភាពសមុទ្រ ឬភ្នំដែលស្ថិតនៅពីចម្ងាយ។ កន្លែងថ្មីនេះ នឹងធ្វើការភ្ជាប់ជាមួយនឹង មជ្ឈដ្ឋានដែលនៅជុំវិញ ជាមួយនឹង ទីធ្លាធំល្មម សម្រាប់អង្គុយលេងនៅខាងក្រៅ ហើយនឹងអាចទទួលបាន អារម្មណ៍ថា នឹងមានខ្យល់បក់កាត់សក់របស់អ្នក ព្រមទាំងអាចបន្ធូរអារម្មណ៍ជាមួយនឹងខ្យល់បរិសុទ្ធទៀតផង។”
យើងមិនទាន់មានផែនការជាក់លាក់ណាមួយ ដើម្បីសាងសង់គម្រោងនេះនៅឡើយទេ ទោះបីជា ODA New York មានទម្រង់ច្បាស់ការមួយ សំរាប់ការបញ្ចប់ការរចនានៃអគារនេះទាំងមូលក៏ដោយ ដែលកាលៈទេសៈនេះ មិនខុសពី "upside down" condo និង pixelated 2222 Jackson នោះទេ។ សម្រាប់ព័ត៌មានបន្ថែមលម្អិតពីគម្រោងអគារ “Seattle Tower” នេះ យើងនឹងជម្រាបជូននៅពេលក្រោយជាបន្តទៀត។