ភ្នំពេញ៖ ស្ពានអាកាសមរតកតេជោ ជាន់ទី១ ត្រូវបានរៀបចំពិធីតភ្ជាប់រួចរាល់ នៅថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២៤ ថ្មីៗនេះ ហើយក៏គ្រោងនឹងដាក់ឱ្យ ដំណើរការជាបណ្ដោះអាសន្ន នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ នេះបើតាមព័ត៌មានដែលទទួលបាន តាមរយៈហ្វេសបុកផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១៧ធ្នូនេះ។
ប្រភពដដែលបានបញ្ជាក់បន្ថែមថា ការគ្រោងបើកដំណើរការជាបណ្តោះអាសន្ន នូវស្ពានមរតកតេជោជាន់ទី១ នេះ គឺដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយ ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស កាត់បន្ថយចំណាយ និងបង្កើនចំណូល ព្រមទាំងជួយជម្រុញ ដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ច ប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ផងដែរ។
គួររម្លឹកដែរថា ផ្លូវ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រ លើការបង្កើនប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ជាដើម។