ប្រទេសម៉ាឡេស៊ី បានបង្ហាញរបាយការណ៍សេដ្ឋកិច្ចរបស់ខ្លួនកាលពីត្រីមាសទី ១ ដែលមានកំណើនឡើង ០.៧% ជាតួរលេខមួយល្អលើសពីការព្យាករណ៍របស់សេដ្ឋវិទូ ខណៈស្ថិតនៅក្នុងបរិយាកាសវិបត្តិសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមជាមួយជំងឺកូវីដ-១៩។ តួរលេខវិជ្ជមាននេះ បានធ្វើឲ្យរដ្ឋាភិបាលម៉ាឡេស៊ី មានសុទិដ្ឋិនិយម រំពឹងសេដ្ឋកិច្ចនឹងវិលត្រលប់មកដូចដើមវិញនៅឆ្នាំ២០២១។
លោកនាយករដ្ឋមន្ត្រី Tan Sri Muhyiddin Yassin បានលើកឡើងថា សេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី មានសកម្មភាពលើសពីការរំពឹងទុក ជាក់ក់ស្ដែងធនាគារជាតិ Bank Negara Malaysia បានព្យាករណ៍សេដ្ឋកិច្ចប្រទេសនឹងធ្លាក់ចុះចន្លោះពី -២% ទៅដល់ ០.៥% នៅក្នុងឆ្នាំ ២០២០ ប៉ុន្តែគិតមកទល់ពេលនេះ ម៉ាឡេស៊ីពុំទាន់មានវិបត្តិសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ឡើយ បើទោះជារដ្ឋាភិបាលបានដាក់ចេញគោលការណ៍អនុវត្ត Movement Control Oder (MCO) ដំណាក់កាលទី ១ រឹតបណ្ដឹងការធ្វើដំណើរ និងដំណើរការអាជីវកម្មក៏ដោយ។
យ៉ាងណាមិញ ទោះសេដ្ឋកិច្ចម៉ាឡេស៊ីនៅរក្សាតួរលេខវិជ្ជមាននៅត្រីមាសទី១ ប៉ុន្តែបញ្ហាប្រឈមនឹងត្រូវកើតមានច្រើន តួយ៉ាងតម្រូវការសកលលោកធ្លាក់ចុះ, សង្វាក់ផលិតកម្មការផ្គត់ផ្គង់មិនប្រក្រតី, និងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ក្នុងប្រទេស/ពិភពលោក ជាដើម។ ចំណែកផ្នែកធនធានមនុស្សវិញ ម៉ាឡេស៊ីព្យាករណ៍ថា អត្រាការងារធ្វើនឹងធ្លាក់ចុះ ៥.៥% ដែលប្រជាជនម៉ាឡេប្រមាណ ៨៦០,០០០ ត្រូវបាត់បង់ការងារក្នុងឆ្នាំ២០២០ ហើយបញ្ហានេះអាចនឹងត្រូវដោះស្រាយនៅចុងឆ្នាំ២០២០ តាមរយៈការទម្លាក់ថវិកាជាតិ ១៥ ពាន់លានរ៉ីងហ្គីត (ប្រមាណ ៣៥០ លានដុល្លារ) ដើម្បីទ្រទ្រង់ប្រជាជនប៉ះពាល់ ៣.៣ លាននាក់ និងផែនការស្ដារសេដ្ឋកិច្ចឡើងវិញ។
ម្យ៉ាងវិញទៀត ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នឹងបន្ដយកចិត្តទុកដាក់គាំទ្រសកម្មភាពសេដ្ឋកិច្ច ជាមួយការបញ្ចេញផែនការថ្មីនៅខែតុលា ហើយនឹងផ្ដោតលើការធ្វើឲ្យទីផ្សារការងារប្រសើរឡើងជាងមុន តាមកំណែទម្រង់អភិបាលកិច្ចថ្មី និងស្ថាប័នការងារឲ្យអនុវត្តតាមប្រព័ន្ធឌីជីថល ឬបដិវត្តឧស្សាហកម្មទី ៤ ដើម្បីលើកកម្ពស់ប្រសិទ្ធការងារ ចំណែកពាណិជ្ជកម្មរំពឹងភាពប្រសើរឡើងនៅឆមាសទី២ ឆ្នាំ២០២០ នេះ។
រដ្ឋាភិបាលម៉ាឡេស៊ី រំពឹងកំណើនសេដ្ឋកិច្ចអាចឡើងខ្ទង់ ៤% ទៅដល់ ៧% នៅឆ្នាំ២០២១ ទៅតាមសេណារីយ៉ូនៃការអូសបន្លាយវិបត្តិជំងឺកូវីដ-១៩ ជាក់ស្ដែង។