ក្រោមការវាយប្រហារនៃជំងឺកូវីដ ១៩ ដែលកំណត់ក្លាយជាប្រវត្តិសាស្ត្ររបស់មនុស្សជាតិ នាចុងឆ្នាំ ២០១៩ កន្លងទៅ ដែលបានបណ្ដាលឱ្យពលរដ្ឋនៅតាមបណ្ដាប្រទេសជាច្រើនលាននាក់ឆ្លង និងខ្លះរងគ្រោះដល់ស្លាប់បាត់បង់ជីវិត ដែលបានធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្ដែង ការធ្វើដំណើរជាអន្តរជាតិ ដែលក្នុងឆ្នាំ ២០១៩ មានសកម្មភាពយ៉ាងសកម្មនោះ បានធ្លាក់មកដល់ចំនុចសូន្យ នៅពេលជំងឺឆ្លងមួយនេះផ្ទុះខ្លាំងកាលពីត្រីមាសទី១ នៃឆ្នាំ ២០២០ តែអ្នកជំនាញថា ការវិលត្រឡប់ឡើងវិញអាចនឹងកើតមានឡើងនាពាក់កណ្ដាលឆ្នាំ ២០២១ ខាងមុខ។
វិស័យទេសចរណ៍ ពាណិជ្ជកម្ម ឬជំនួយ គឺជាកត្តាចំបង ដែលនាំឱ្យមានការធ្វើដំណើរជាអន្តរជាតិ។ យើងឃើញមានជនជាតិបរទេស ភ្ញៀវទេសចរក្មេងចាស់ប្រុសស្រី ភាគច្រើនគឺសុទ្ធសឹងតែធ្វើដំណើរតាមជើងអាកាស ក៏ប៉ុន្តែវាបានដាំក្បាលចុះយ៉ាងឆាប់រហ័សក្នុងឆ្នាំ ២០២០ នេះ ទើបតែល្អប្រសើរជាងមុនបន្តិចនាត្រីមាសទី២ ខណៈពេលដែលរដ្ឋាភិបាលនៅតាមបណ្ដាប្រទេសជាច្រើន សម្រេចបើកឱ្យមានជើងហោះហើរឡើងវិញ តែស្ថិតក្នុងវិធានត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត។ ការវិលត្រឡប់ទៅដូចមុនវិន ត្រូវបានលើកឡើងដោយលោក Alan Joyce អគ្គនាយកនៃក្រុមហ៊ុន Qantas ដែលថា ពាក់កណ្ដាលឆ្នាំ ២០២១ វិស័យទេសចរណ៍នឹងប្រសើរឡើងវិញ។
តាមការលើកឡើងរបស់លោក Alan Joyce បានឱ្យដឹងថា “ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើននឹងឆ្លងកាត់វិបត្តិនេះ ដែលត្រូវបន្តរបៀបនៃដំណើរការផ្នែកខ្លះនៃអាជីវកម្មរបស់ ដើម្បីទទួលបានជោគជ័យនៅក្នុងទីផ្សារដែលមានការផ្លាស់ប្តូរនេះ”។ លោកបន្តថា “យន្តហោះខ្នាតយក្សធំៗដូចជា A380 និង 787s នឹងត្រូវបញ្ឈរជើងទុកចោល ដោយមិនអាចបម្រើសេវាកម្មដឹកជញ្ជូនបានឡើយ ដោយយើងជឿជាក់ថា នាពាក់កណ្ដាលឆ្នាំ ២០២១ ខាងមុខ ការធ្វើដំណើរជាអន្តរជាតិ នឹងចាប់ផ្ដើមមានឡើងវិញ។ ក្នុងនោះ ដូចជាអាមេរិក ជាដើមនឹងត្រូវទាមទារពេលវេលាសមរម្យមួយ រហូតដល់ពេលវ៉ាក់សាំងត្រូវបានប្រកាសឱ្យប្រើប្រាស់ ដូច្នេះការហោះហើរនឹងងើបឡើងវិញផងដែរ”។
ទន្ទឹមគ្នានោះដែរ លោក Neil Hansford អ្នកជំនាញក្នុងវិស័យអាកាសចរបានឱ្យដឹងថា តាមការប៉ាន់ស្មានរបស់លោក ជុំវិញការហោះហើរជាអន្តរជាតិឡើងវិញ ដូចជាចក្រភពអង់គ្លេស និងកោះហាវ៉ៃ អាចនឹងកើតមានឡើងនៅចន្លោះខែមេសា ទៅខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះឯង។ លោកបន្តថា នៅពេលព្រំដែន និងការបើកឱ្យមានការហោះហើរជាអន្តរជាតិឡើងវិញ ប្រទេសចំនួន ១០ ធំៗ នឹងចាប់ផ្ដើមមុនគេរួមមានដូចជា៖
១. ញូវហ្សេឡែន
២. កោះនៅតាមមហាសមុទ្រប៉ាស៊ីហ្វិច
៣. សឹង្ហបុរី
៤. ជប៉ុន
៥. វៀតណាម
៦. កម្ពុជា
៧. ចក្រភពអង់គ្លេស
៨. អាឡឺម៉ង់
៩. សូដង់
១០. អៀរឡង់
ទោះបីជាមានការលើកឡើងរបស់អ្នកជំនាញក៏ដោយ តែបើយើងក្រឡែកមកមើលស្ថានភាពបច្ចុប្បន្នវិញឃើញថា នៅមិនទាន់មានភាពធូស្បើយខ្លាំងនៅឡើយទេ បើទោះបីជាប្រទេសមួយចំនួនបានប្រកាសអំពីវ៉ាក់សាំងរបស់ខ្លួនក៏ដោយ។ យើងទាំងអស់គ្នាសង្ឃឹមថា វ៉ាក់សាំង ចាក់ការពារពីជំងឺកូវីដ ១៩ នឹងលេចចេញជារូបរាប ហើយទៅដល់មនុស្សគ្រប់ៗគ្នាទាំងនៅតាមបណ្ដាប្រទេសអ្នកមាន និងប្រទេសក្រីក្រ ដោយគ្មានការរើងអើង៕