រួតទី៣ នៅជ្រុងនិរតីនៃប្រាសាទបាយ័ន ដែលរងការខូចខាតខ្លាំង ទើបត្រូវបានបញ្ចប់ការជួសជុលដោយជោគជ័យ ដែលធ្វើឲ្យផ្នែកមួយចំនួនធំ បានប្រសើរឡើងវិញហើយ!


សៀមរាប៖ យោងតាមព័ត៌មានដែលទទួលបាន ពីអាជ្ញាធរជាតិអប្សរា នាថ្ងៃទី ១៩ធ្នូនេះ បានឲ្យដឹងថា ក្រុមអ្នកជំនាញរបស់ អាជ្ញាធរជាតិអប្សរា ដែលអនុវត្តគម្រោង ជួសជុលរួតទី៣ នៅជ្រុងនិរតីនៃប្រាសាទបាយ័ន ដោយប្រើរយៈពេលជាង ៤ខែ បានបញ្ចប់ដោយជោគជ័យហើយ។

ក្នុងនោះដែរ ស្ថាបត្យករ និងជាប្រធានការដ្ឋាន កញ្ញា ម៉េង សុវណ្ណលីលីន បានឱ្យដឹងថា គម្រោងជួសជុលដំណាក់កាលទី៣ នៅរួតទី៣នៃជ្រុងនិរតី របស់ប្រាសាទបាយ័ន បានធ្វើឱ្យបង្កាន់ដៃនាគ ធ្នឹម និងកម្រាលថ្ម ដែលខូចខាត ប្រសើរឡើងវិញហើយ។

កញ្ញា បានរម្លឹកផងថា កាលពីឆ្នាំ២០២១ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុល ផ្នែកខ្លះនៃជ្រុងនិរតី របស់ប្រាសាទបាយ័ន ជាដំណាក់កាលទី១ និងកាលពីឆ្នាំ២០២៣ បានជួសជុលដំណាក់កាលទី២ នៅជ្រុងពាយ័ព្យ លើទំហំ១ភាគ៤ របស់ប្រាសាទបាយ័ន និងជួសជុលរចនាសម្ព័ន្ធ ខឿនផ្នែកខាងលិច។

គូសសម្គាល់ដែរថា រួតទី៣ នៅជ្រុងនិរតីនៃប្រាសាទបាយ័ន គឺជាទីតាំងសំខាន់ ដែលមានភ្ញៀវទេសចរឆ្លងកាត់ឥតដាច់។ កាលពីមុនពេលជួសជុល គឺធ្នឹមដែលនៅជាប់នឹង ខឿនរបស់រួតទី៣បានបែក ដែលអាចប្រឈមនឹងការធ្លាក់ កម្រាលថ្មរងការខូចខាត ដោយសារឬសឈើចាក់ចូល ធ្វើឱ្យអ្នកជំនាញ ត្រូវយកចិត្តទុកដាក់ ពង្រឹងរចនាសម្ព័ន្ធទាំងនោះ ឡើងវិញ។

ការជួសជុលនេះ បានជួយសង្គ្រោះរួតទី៣ នៃប្រាសាទបាយ័ន ឱ្យរួចផុតពីហានិភ័យនានា ព្រមទាំងទប់ស្កាត់ការខូចខាត បានទាន់ពេលវេលា ហើយបច្ចុប្បន្នរួតទី៣ មានភាពរឹងមាំឡើងវិញ និងរក្សាបានទម្រង់ដើមស្ទើរតែទាំងស្រុង ផងដែរ។

 

ប្រភព៖ អាជ្ញាធរជាតិអប្សរា